ពីអ្នកលាងចានឲ្យគេ លោក Jensen Huang វិត្តន៍ខ្លួនក្លាយជាប្រធានក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ

អន្តរជាតិ

លោក Jensen Huang បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធាន និងជានាយកប្រតិបត្តិរបស់ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់ដ៏ធំនិងដំបូងគេបង្អស់របស់ពិភពលោក ខណ:គិតមកទល់ពេលនេះ ក្រុមហ៊ុនមានតម្លៃទីផ្សារជិត ៣ទ្រីលានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅមុនពេលទទួលបានភាពជោគជ័យដ៏ធំនេះ លោក Huang បានបង្ហើបប្រាប់ទៅកាន់បទសម្ភាសមួយកាលពីពេលថ្មីៗនេះថា ដំបូងឡើយលោកមានអាជីពត្រឹមតែជាអ្នកលាងចានម្នាក់ប៉ុណ្ណោះ ។

លោក Huang កើតនៅទីក្រុងតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៣ និងបានផ្លាស់ទៅប្រទេសថៃ នៅអាយុ ៥ឆ្នាំ មុនពេលបន្តផ្លាស់ទៅកាន់រដ្ឋ Washington ក្នុងទឹកដីសហរដ្ឋអាមេរិក នៅពេលលោកមានអាយុ ៩ឆ្នាំ។ នៅទីនោះ លោកបានទៅរៀននៅវិទ្យាល័យមួយ នៅខាងក្រៅក្រុង Portland រដ្ឋ Ore និងជាកន្លែងដែលលោកចាប់ផ្តើមធ្វើការដំបូង នៅហាងអាហារ​សម្រន់​មួយឈ្មោះ Denny’s ជាអ្នកលាងចាន ក្នុងវ័យ ១៥ឆ្នាំ។

និយាយពីការសិក្សាវិញ លោក Huang បានទទួលសញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Oregon State University បន្ទាប់មកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ក្នុងមុខវិជ្ជាដូចគ្នា ពីសាកលវិទ្យាល័យ Stanford ក្នុងឆ្នាំ១៩៩២។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ លោក Huang បានចូលទៅបម្រើការងារជាប្រធានផ្នែក Coreware នៅក្នុងក្រុមហ៊ុន LSI Logic និងជាអ្នករចនានៅក្នុងក្រុមហ៊ុន Advanced Micro Devices, Inc (AMD) ផងដែរ។

ដោយសារតែមានជំនាញខ្លាំងទៅលើផ្នែកបច្ចេកវិទ្យានេះ លោក Huang បានស្គាល់មនុស្សពីរនាក់ គឺលោក Chris Malachowsky និង Curtis Priem ដែលអ្នកទាំងពីរធ្វើការនៅក្នុងក្រុមហ៊ុន Sun Microsystems ពេលនោះពួកគេបានចាប់ផ្តើមពិភាក្សាគ្នា អំពីការបង្កើតបន្ទះឈីបដំបូងមួយដែលអាចបង្កើតរូបភាព 3D នៅលើកុំព្យូទ័របាន។

នៅក្នុងឆ្នាំ១៩៩៣ គឺជាពេលដែលក្រុមហ៊ុន NVIDIA ត្រូវបានបង្កើតឡើង ជាមួយនឹងដើមទុនដំបូងចំនួន ៤០ ០០០ដុល្លារប៉ុណ្ណោះ។ លុះក្រោយមកក្រុមហ៊ុនចាប់ផ្តើមទទួលបានភាពជោគជ័យខ្លាំង ទៅលើការបង្កើតកាតក្រាហ្វិក (GPU) ដំបូងគេដែលអាចបំពាក់ទៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើន រួមទាំងត្រូវបានយកទៅប្រើប្រាស់នៅក្នុងការផលិតវីដេអូហ្គេម និងខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។

គិតមកទល់ពេលនេះ លោក Huang បានកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអស់រយៈពេលជាង ៣ទសវត្សមកហើយ ខណ:បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ចំនួនជាង ១០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ៕