យោងតាមទិន្នន័យបង្ហាញដោយគេហទំព័រ Hurun Research Institute បានបង្ហាញថា លោក Colin Huang អតីតបុគ្គលិកនៅក្រុមហ៊ុន Google និងជាស្ថាបនិកក្រុមហ៊ុន Pinduoduo បានក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាមានដាច់គេនៅប្រទេសចិន។
មហាសេដ្ឋីវ័យ ៤៤ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ៥៣,៤ពាន់លានដុល្លារ កើនឡើងប្រហែល ៧១% បើធៀបនឹងឆ្នាំមុន ដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុន PDD មានសន្ទុះខ្លាំង នឹកស្មានមិនដល់។
ជាមួយគ្នានោះ ក្រុមហ៊ុន PDD កំពុងមានឥទ្ធិពលខ្លាំងមែនទែននៅប្រទេសចិន ពោលគឺវ៉ាដាច់ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន JD ដោយក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ពេញនិយមបំផុតមួយនៅក្នុងស្រុក។
សូមជម្រាបដែរថា បើនិយាយពីការរកស៊ីលើវិស័យបច្ចេកវិទ្យា លោក Huang គឺជាមហាសេដ្ឋីមានបំផុតក្នុងវិស័យមួយនេះ តែបើនិយាយជារួម ស្ថាបនិកក្រុមហ៊ុន PDD ជាប់នៅលេខ២ ជាកំពូលអ្នកមានដាច់គេនៅចិន ដោយលោក Zhong Shanshan មានរហស្សនាមថា ស្ដេចទឹកបរិសុទ្ធនៅកាន់តំណែងជាមហាសេដ្ឋីមានជាងគេនៅចិនដដែល។
រំលឹកបន្តិចថា លោក Huang បានកើតនៅក្នុងគ្រួសារមានជីវភាពក្រីក្រ ហើយបានក្លាយជាបុគ្គលិកនៅក្រុមហ៊ុន Google កាលពីឆ្នាំ២០០៤ មុនចាប់ផ្ដើមបោះជំហានលើវិស័យសហគ្រិនភាពក្នុងឆ្នាំ ២០០៧ និងបានបង្កើតក្រុមហ៊ុន Pinduoduo ក្នុងឆ្នាំ២០១៥៕