រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី នីម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌានឹងកើនឡើងជាង៨% នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
លោកស្រី ស៊ីថារ៉ាម៉ាន បានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងបុមបៃថា ប្រទេសឥណ្ឌានឹងមានការកើនឡើង GDP ជាង៨% ឬអាចនឹងច្រើនជាងនេះ នៅអំឡុងត្រីមាសខែមករាដល់ខែមីនាឆ្នាំ២០២៤ ។ ម្យ៉ាងវិញទៀត ឥណ្ឌាបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ របស់ពិភពលោករួចរាល់ទៅហើយ ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានសន្យាហើយថា នឹងធ្វើយ៉ាងណាឲ្យប្រទេសឥណ្ឌារំកឹលខ្លួន ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣ នៅត្រឹមឆ្នាំ២០២៧ ខាងមុខ។
គួរជម្រាបផងដែរថា កាលពីត្រីមាសទី៣ ឆ្នាំ២០២៣ ឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៦% ហើយបន្តកើនឡើងដល់ ៨,៤% នាត្រីមាសចុងក្រោយនៃឆ្នាំមុនថែមទៀត៕