របាយការណ៍ពីគេហទំព័រ Hurun បានបង្ហាញថា ចិននៅតែជាប្រទេសសំបូរមហាសេដ្ឋីរស់នៅ ច្រើនបំផុតនៅក្នុងឆ្នាំ២០២៤នេះ បើទោះជាតួលេខមហាសេដ្ឋីមានចំនួនតិចជាងឆ្នាំ២០២៣ ដល់ទៅ ១៥៥រូបក្ដី។

គិតត្រឹមខែមីនា ឆ្នាំនេះ ប្រទេសចិនមានមហាសេដ្ឋីរស់នៅប្រមាណ ៨១៤នាក់ ស្របពេលសហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅ ៨០០នាក់ ជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតលំដាប់ទី២ ខណៈឥណ្ឌាឈរនៅលេខរៀងទី៣ ជាមួយមហាសេដ្ឋីប្រមាណ ២៧១នាក់។
ជាមួយគ្នា គេហទំព័រ Hurun ក៏បានបង្ហាញទៀតថា ចំនួនមហាសេដ្ឋីនៅឆ្នាំ២០២៤ គឺមានការកើនឡើងប្រហែល ៥% ឬ ១៦៧នាក់ បើធៀបនឹងឆ្នាំ ដោយមានចំនួនសរុប ៣ ២៧៩នាក់។
សូមជម្រាបដែរថា បើទោះជាប្រទេសចិន ជាជម្រកមហាសេដ្ឋីច្រើនបំផុតលើលោកក៏ពិតមែន តែបើក្រឡេកទៅមើលពីបញ្ជីឈ្មោះកំពូលអ្នកមានលើលោកទាំង ២០រូបវិញ ឥតមានឈ្មោះមហាសេដ្ឋីចិនសូម្បីមួយរូប ពោលសំបូរតែមហាសេដ្ឋីអាមេរិក ខណៈអ្នកមានបំផុតនៅចិន គឺលោក Zhong Shanshan ស្ថិតនៅលេខរៀងទី ២៤ នៃបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក៕