ក្រុមហ៊ុន Huawei ប្រកាសកើនឡើងប្រាក់ចំណេញជាង ១៤៤% បើទោះរងសម្ពាធពីអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ប្រទេសចិន Huawei បានធ្វើការប្រកាសកាលពីចុងសប្តាហ៍មុនកន្លងទៅថា​ ប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ទាំងមូល បានកើនឡើងទ្វេដង ដោយសារតែផលិតផលស្មាតហ្វូនរបស់ខ្លួន ទទួលបានការគាំទ្រច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Huawei ក៏បានរាយការណ៍ទៀតថា ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង ៩,៦% ដល់ចំនួន ៧០៤,២ពាន់លានយ៉ន់ (៩៩,១៨ពាន់លានដុល្លារ) ខណ:ពេលដែលប្រាក់ចំណេញសុទ្ធវិញ បានកើនឡើងដល់ទៅ ១៤៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំនួន ៨៧ពាន់លានយ៉ន់។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានការរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៩ មកលើក្រុមហ៊ុន Huawei ចំពោះការទប់ស្កាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ពីក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក នៅទូទាំងពិភពលោកក៏ដោយ តែក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ បានត្រលប់មកវិញនៅក្នុងទីផ្សារស្មាតហ្វូនក្នុងឆ្នាំ២០២៣ ជាមួយនឹងបញ្ចេញលក់ស្មាតហ្វូនម៉ូដែល Mate 60 Pro របស់ខ្លួននៅក្នុងប្រទេសចិន នៅចុងខែសីហា។

ជាមួយម៉ូដែលថ្មីចុងក្រោយនេះ បានជួយជំរុញដល់ការលក់របស់ក្រុមហ៊ុន Huawei ក្នុងប្រទេសចិន ដោយនៅក្នុងត្រីមាសទី៤ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេស បានកើនឡើងដល់ ៤៧% ធៀបនឹងឆ្នាំ២០២២ ហើយថែមទាំងបានធ្វើឲ្យក្រុមហ៊ុននេះស្ថិតនៅលំដាប់ទី៤ ដែលមានចំណែកទីផ្សារស្មាតហ្វូនធំបំផុត នាំមុខទៅលើក្រុមហ៊ុន Xiaomi ថែមទាំងផង៕