រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងពិចារណាទៅលើការលក់យន្តហោះចម្បាំងម៉ូឌែល F-15 ចំនួន ៥០គ្រឿងក្នុងកញ្ចប់តម្លៃផ្ទេរប្រមាណ ១៨ពាន់លានដុល្លារទៅឲ្យប្រទេសអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ប្រភពមួយបាននិយាយថា សំណើរបស់អ៊ីស្រាអែលចំពោះការទិញយន្ដហោះចម្បាំងម៉ូឌែល F-15 ដែលផលិតដោយស្នាដៃក្រុមហ៊ុន Boeing Co ចំនួន ២៥គ្រឿងត្រូវបានស្ថិតនៅក្រោមការពិចារណា ចាប់តាំងពីសហរដ្ឋអាមេរិកទទួលបានសំណើជាផ្លូវការកាលពីខែមករា ឆ្នាំ២០២៣ មកម្លេះពោលមុនមានសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើងទៅទៀត ខណៈដែលបច្ចុបន្នផែនការទិញយកយន្ដហោះចម្បាំង F-15 ក៏ត្រូវបានបង្កើនសរុបដល់ទៅចំនួន ៥០គ្រឿងទៅហើយ។
គួរជម្រាបថា អ៊ីស្រាអែលកំពុងតែខិតខំបង្កើនកងយន្តហោះចម្បាំងដ៏សម្បើមរបស់ខ្លួន ដោយមិនមែនត្រឹមតែទុកប្រយុទ្ធការពារជាមួយក្រុមហាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ស្កាត់នឹងការគំរាមកំហែងឯទៀត ពីក្រុមប្រដាប់អាវុធហេសបូឡា ក៏ដូចជាប្រទេសអ៊ីរ៉ង់ដែលជាសត្រូវដ៏ធំបំផុតរបស់ខ្លួន៕