កាលពីថ្ងៃទី១ ខែមេសា ក្រសួងទេសចរណ៍ និងកីឡាបានលើកឡើងថា ដោយរាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ពោលនៅត្រីមាសទីមួយឆ្នាំ២០២៤ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបដល់ទៅចំនួន ៩ ៣៧០ ២៩៧នាក់ឬស្មើនឹងការកើនឡើង៤៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលវាបានទាញប្រាក់ចំណូលប្រហែល ១២,៤ពាន់លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ក្នុងនោះ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរដ៏ច្រើនបំផុតរបស់ប្រទេសថៃ ជាមួយនឹងការមកដល់ចំនួន ១ ៧៥៦ ៣៣៧នាក់ តាមពីក្រោយដោយម៉ាឡេស៊ីដែលមានចំនួន ១ ១៦៨ ៥៧៤នាក់ ចំណែកឯរុស្ស៊ីឈរនៅលេខរៀងទីបីដែលមាន ៦២២ ៨១៣នាក់ ខណៈដែលកូរ៉េខាងត្បូងមានត្រឹម ៥៥៨ ៨៧៣នាក់, ឥណ្ឌាក៏មាន ៤៧២ ៩៥២នាក់, ឡាវមានចំនួន ៣០៨ ០៩៧នាក់, ចក្រភពអង់គ្លេសមាន ២៩០ ៤៨៦នាក់, សហរដ្ឋអាមេរិកមានចំនួន ២៨០ ២៤៨នាក់ ខណៈដែលភ្ញៀវទេសចរជប៉ុនក៏មានចំនួន ២៧១ ៤២៧នាក់ផងដែរ។
គួរជម្រាបបន្ថែមថា កត្តាចម្បងដែលជំរុញឲ្យមានការកើនឡើងនៃភ្ញៀវទេសចរបរទេសបែបនេះ បើតាមក្រសួងបានលើកឡើងថា គឺដោយសារតែមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះពលរដ្ឋថៃ និងពលរដ្ឋចិន ហើយក៏អាចដោយសារតែមានការបង្កើនជើងហោះហើរមកកាន់ប្រទេសថៃច្រើនជាងមុន របស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនជាដើម៕