BYD កំពុងប្រឈមមុខនឹងការបាត់តំណែងជាក្រុមហ៊ុនលក់រថយន្ត EV ធំបំផុតរបស់ពិភពលោក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានរាយការណ៍ថា ការលក់នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ បានធ្លាក់ចុះដល់ទៅ ៤៣% បើធៀបទៅនឹងត្រីមាសទី៤ កាលពីឆ្នាំ២០២៣ ដែលនេះមានន័យថាពួកគេអាចនឹងប្រគល់តំណែងជាក្រុមហ៊ុនលក់រថយន្ត EV ធំបំផុតរបស់ពិភពលោក ទៅឲ្យ Tesla វិញ បន្ទាប់ពីបានកាន់តំណែងនេះ កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្ត EV របស់ខ្លួនចំនួន ៣០០ ១១៤ គ្រឿង នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ពោលគឺបានធ្លាក់ចុះ ៤៣% ពីកម្រិតលក់ខ្ពស់បំផុតកាលពីបីខែមុន ក្នុងចំនួន ៥២៦ ៤០៩ គ្រឿង នៅពេលដែលពួកគេបានវ៉ាដាច់ទៅលើក្រុមហ៊ុនខ្នាតយក្សអាមេរិក Tesla ។

ជុំវិញការធ្លាក់ចុះប្រចាំត្រីមាសនេះ មានន័យថាក្រុមហ៊ុន Tesla នឹងដណ្តើមយកតំណែងក្នុងនាមជាអ្នកលក់រថយន្ត EV ធំបំផុតរបស់ពិភពលោករបស់ខ្លួនមកវិញ ដោយផ្នែកទៅលើទិន្នន័យពីក្រុមហ៊ុនវិភាគ Visible Alpha ដែលបានព្យាករថា ការលក់របស់ Tesla មានចំនួន ៤៥៨ ៥០០ គ្រឿង ក្នុងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។​

ជម្រាបជូនផងដែរថា ការយកមកវិញនូវតំណែងកំពូលនេះ ដោយសារតែក្រុមហ៊ុន Tesla នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន ក្នុងលក់រថយន្តជាសកលដែលមិនងាយប្រឈមមុខនឹងការធ្លាក់ចុះនោះឡើយ ផ្ទុយពីក្រុមហ៊ុន BYD ដែលរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនការលក់រថយន្ត EV របស់ខ្លួន ជាពិសេសក្នុងទីផ្សារប្រទេសចិន នៅឆ្នាំនេះ៕