Xiaomi ផ្តួលក្រុមហ៊ុន GM និង Ford ក្រោយតម្លៃទីផ្សារកើនឡើងដល់ជាង ៥៥ពាន់លានដុល្លារ

អន្តរជាតិ

ភាគហ៊ុនរបស់ Xiaomi បានកើនឡើងដល់ ១៦% គិតនៅត្រឹមថ្ងៃទី២ ខែមេសានេះ បន្ទាប់ពី ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន បានចាប់ផ្តើមដាក់លក់រថយន្តអគ្គិសនី ដំបូងបំផុតរបស់ខ្លួន ទៅក្នុងទីផ្សារកាលពីសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជុំវិញការកើនឡើងភាគហ៊ុនដ៏ច្រើននេះ បានធ្វើឲ្យ Xiaomi បន្ថែមទឹកប្រាក់ប្រហែល ៧,៦ពាន់លានដុល្លារ ទៅក្នុងតម្លៃ​មូលធន​ទីផ្សាររបស់ខ្លួន ដែលជាចំនួនកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក បន្ទាប់ពីពួកគេបានចាប់ផ្តើម​បញ្ជា​លក់រថយន្ត EV ដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់តែកើបប្រាក់ចំណូលពីការលក់ស្មាតហ្វូនមួយនេះ ឥឡូវបានកើនឡើងតម្លៃទីផ្សាររហូតដល់ទៅ ៥៥,២ពាន់លានដុល្លារ ពោលគឺបានវ៉ាដាច់ទៅលើក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អាមេរិក General Motors (GM) ដែលមានតម្លៃទីផ្សារ ៥២,៤ពាន់លានដុល្លារ និងក្រុមហ៊ុន Ford ដែលមានតម្លៃទីផ្សារ ៥៣,១ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា Xiaomi បានដាក់លក់រថយន្តអគ្គិសនីដំបូង ម៉ូដែល SU7 ទៅក្នុងទីផ្សាររថយន្ត EV របស់ប្រទេសចិន នៅក្រោមតម្លៃ ៣០ ០០០ដុល្លារ សម្រាប់ប្រភេទធម្មតា ខណ:ក្រុមហ៊ុនក៏បាននិយាយកាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅថា រថយន្តរបស់ពួកគេទទួលបានការបញ្ជាទិញក្នុងចំនួន ៨៨ ៨៩៨ គ្រឿងរួចទៅហើយ ក្នុងរយ:ពេលត្រឹម ២៤ម៉ោងដំបូងនៃការលក់៕