ការនាំចេញរបស់ហ្វីលីពីន​ កើនឡើងលើស ១០០ពាន់លានដុល្លារជាលើកដំបូង

អន្តរជាតិ

យោងតាមនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) បាននិយាយកាលពីថ្ងៃទី១ ខែមេសាកន្លងទៅថា ការនាំចេញរបស់ហ្វីលីពីន បានកើនឡើងលើស ១០០ពាន់លានដុល្លារ ជាលើកដំបូងក្នុងឆ្នាំ២០២៣ ជាមួយនឹងជំនួនសរុប ១០៣,៦ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ៤,៨% បើធៀបទៅនឹងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញទិន្នន័យដែលបង្ហាញដោយ Bangko Sentral ng Pilipinas (BSP) ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះ លេខាធិការ DTI លោក Alfredo Pascual បាននិយាយថា ដោយសារតែមានការអនុវត្តដ៏រឹងមាំនៃវិស័យបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងដំណើរការអាជីវកម្ម និងការបង្វែរចំណូលពីវិស័យទេសចរណ៍ បានជំរុញឲ្យមានកំណើននៃការនាំចេញ។

គួរឲ្យដឹងថា ដោយសារតែមានការពង្រឹងទៅលើការតភ្ជាប់ការធ្វើដំណើរ និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ហ្វីលីពីនបានកត់ត្រាអតិរេកនៃប្រាក់ចំណូលពីវិស័យទេសចរណ៍ជាលើកដំបូង ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ ដោយឈានដល់ចំនួន ៩,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលច្រើនជាងទ្វេដងពីកម្រិតឆ្នាំ២០២២កន្លងទៅ។

ទន្ទឹមនឹងនេះ យោងតាម DTI បានបង្ហាញឲ្យដឹងទៀតថាកំណើននៃការនាំចេញភាគច្រើន ត្រូវបានជំរុញដោយការពង្រីកដ៏សំខាន់នៃសេវាកម្មនាំចេញរបស់ប្រទេស ខណ:ពេលដែលការនាំចេញសរុបបានរួមចំណែកដល់ទៅ ២៧% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសក្នុងឆ្នាំ២០២៣៕