បីខែដំបូងឆ្នាំ២០២៤ វៀតណាមស្វាគមន៍ទេសចរបរទេសបានជាង ៤លាននាក់

អន្តរជាតិ

វៀតណាមជាប្រទេសមួយដែលកំពុងទទួលបានភាពទាក់ទាញខ្លាំងពីវិស័យទេសចរណ៍​ ដោយនៅត្រីមាសដំបូងឆ្នាំ២០២៤ ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសដល់ទៅប្រមាណ ៤,៦លាននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យស្ថិតិទូទៅបានបង្ហាញថា នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ វៀតណាមបានទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៤,៦លាននាក់កើនឡើងដល់ទៅ៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មួយវិញទៀតនៅក្នុងខែមីនាតែមួយប៉ុណ្ណោះ ទេសចរបរទេសក៏បានមកដល់ប្រទេសវៀតណាមប្រមាណជិត ១,៦លាននាក់ផងដែរពោលកើនឡើង៤,៤% បើធៀបនឹងខែកុម្ភៈ។

ជាមួយគ្នា បណ្តាប្រទេសនៅអាស៊ីគឺជាប្រភពភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ពោលលើសពី ៣,៥លាននាក់ទៅទៀត ខណៈក្នុងនោះក៏ត្រូវបានតាមពីក្រោយដោយភ្ញៀវទេសចរ មកពីបណ្តាប្រទេសនៅអឺរ៉ុបដែលមានចំនួន ៦៦១ ៨០០នាក់ ចំណែកឯមកពីអាមេរិកវិញមានចំនួន ៣០២ ៣០០នាក់ ហើយមកពីអូសេអានីមានចំនួន ១៤៣ ៧០០នាក់ និងមកពីអាហ្វ្រិកវិញក៏មានចំនួន ១៣ ១០០នាក់ផងដែរ។

ដូចគ្នានេះ ប្រាក់ចំណូលដែលបានមកពីសេវាកម្មស្នាក់នៅ និងអាហារនៅរយៈពេលបីខែដំបូងឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៧៤,៨ទ្រីលានដុង (ប្រមាណ ៧ពាន់លានដុល្លារ) ស្របពេលដែលប្រាក់ចំណូល ដែលបានមកពីសេវាកម្មដំណើរកម្សាន្តមានខ្ទង់ប្រមាណ ១៤,១ទ្រីលានដុង។

គួរជម្រាបបន្ថែមថា លទ្ធផលវិជ្ជមានយ៉ាងដូច្នេះ ក៏អាចដោយសារតែមានការចូលរួមពីកត្តាជាច្រើន តួយ៉ាងគោលនយោបាយទិដ្ឋាការមានភាពអំណោយផល កម្មវិធីជំរុញវិស័យទេសចរណ៍ ក៏ដូចជាការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល និងអាជីវកម្មទេសចរណ៍ក្នុងស្រុកជាដើម៕