ទោះបីយកឈ្នះគូប្រជែង តែ Tesla ប្រកាសពីការធ្លាក់ចុះនៃការលក់រថយន្តខ្លាំងជាងការរំពឹងទុក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូល Tesla បានប្រកាសពីការធ្លាក់ចុះជាលើកដំបូង​ ចំពោះការលក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ពោលគឺចាប់តាំងពីឆ្នាំដំបូងនៃការកើតមានជំងឺរាតត្បាតមក ចំពេលកំពុងមានការកើនឡើងខ្លាំងនៃការប្រកួតប្រជែងពីសំណាក់ក្រុមរថយន្តអគ្គិសនីចិន និងរបស់ប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់មហាសេដ្ឋី Elon Musk បានរាយការណ៍ថា ខ្លួនបានផលិតរថយន្តចំនួន ៤៣៣ ០០០ គ្រឿង ប៉ុន្តែចែកចាយបានត្រឹមតែ ៣៨៧ ០០០ គ្រឿងប៉ុណ្ណោះ ពោលគឺជាការធ្លាក់ចុះពីរថយន្តចំនួន ៤៨៤ ៥០៧ ដែលខ្លួនបានចែកចាយ ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣ ហើយវាក៏ធ្លាក់ចុះផងដែរពីចំនួន ៤២២ ៨៧៥ ដែលត្រូវបានលក់ នៅក្នុងត្រីមាសទីមួយ កាលពីឆ្នាំមុន។

ជុំវិញដំណឹងនៃការធ្លាក់ចុះនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ៥% កាលពីថ្ងៃចន្ទ ហើយថែមទាំងបានធ្វើឲ្យពួកគេបានបាត់បង់ច្រើនជាងមួយភាគបីនៃតម្លៃទីផ្សារ នៅឆ្នាំនេះផងដែរ។

ប៉ុន្តែបើទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ក៏ដោយ តែ Tesla ដណ្តើមយកមកវិញនូវតំណែងជាអ្នកលក់រថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ពីក្រុមហ៊ុនចិន BYD ដែលបានទទួលរងនូវការធ្លាក់ចុះកាន់តែខ្លាំងនៃការលក់រថយន្តរបស់ពួកគេ បើប្រៀបធៀបទៅនឹងចុងឆ្នាំមុន។

ជម្រាបជូនផងដែរថា BYD បានរាយការណ៍ថា ខ្លួនលក់រថយន្ត EV បានតែ ៣០០ ១១៤ គ្រឿង ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលទាំងរថយន្តប្រភេទកូនកាត់ Hybrid នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ពោលគឺធ្លាក់ចុះពីចំនួន ៥២៥​ ៤០៩ គ្រឿង ដែលបានលក់នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៤៕