រដ្ឋាភិបាលជប៉ុន បានធ្វើការប្រកាសកាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួនបានអនុម័តប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥៩០ពាន់លានយ៉េន (៣,៨៩ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក Rapidus Corporation ខណ:ពេលដែលប្រទេសក្នុងតំបន់អាស៊ីមួយនេះ កំពុងព្យាយាមការបង្កើនការផលិតឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
បើតាមការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញឲ្យដឹងទៀតថា ចំពោះកញ្ចប់ជំនួយចុងក្រោយនេះ ទឹកប្រាក់ចំនួន ៥៣,៥ពាន់លានយ៉េន នឹងត្រូវបែងចែកសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍដំណើរការផ្សេងទៀត ដូចជាការវេចខ្ចប់បន្ទះឈីបជាដើម។
គួរឲ្យដឹងថា ក្រុមហ៊ុន Rapidus ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនក្នុងស្រុកចំនួនប្រាំបីផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍ និងផលិតឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ខណ:ពេលដែលក្រុមហ៊ុន Toyota Motor Corporation, Sony Group គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលបានបោះទុនវិនិយោគទឹកប្រាក់រាប់ពាន់លានយ៉េន នៅក្នុង Rapidus ផងដែរ។
បញ្ជាក់ផងដែរថា Rapidus កន្លងមកធ្លាប់បានទទួលប្រាក់ឧបត្ថម្ភចំនួន ៣៣០ពាន់លានយ៉េន ពីសំណាក់រដ្ឋាភិបាលជប៉ុនរួចមកហើយ នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបទំហំ ២ ណាណូម៉ែត្រ ដ៏ធំមួយនៅក្នុងទីក្រុង Chitose កោះ Hokkaido ។
ទន្ទឹមនឹងនេះ នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុន Rapidus សាងសង់រួចរាល់ វាត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មបន្ទះឈីប ដូចជា Taiwan Semiconductor Manufacturing Company របស់តៃវ៉ាន់ និង Samsung Electronics របស់កូរ៉េខាងត្បូង ជាដើម៕