ក្រុមហ៊ុន Samsung Electronics កំពុងមានក្ដីរំពឹងទុកខ្ពស់ថា នឹងអាចប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត នាត្រីមាសទីមួយនាពេលខាងមុខ ខណៈវាក៏នឹងក្លាយជាកំណត់ត្រាខ្ពស់បំផុតមួយ ក្នុងរយៈពេល ៦ត្រីមាសចុងក្រោយផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អ្នកជំនាញមកពីវិទ្យាស្ថាន LSEG SmartEstimate ២៧រូបបានអះអាងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលោក នាត្រីមាសទីមួយ ក្នុងឆ្នាំ២០២៤ នឹងអាចកើនដល់ចំនួន ៥,៧ទ្រីលានវ៉ុន ឬប្រហែល ៤,២៤ពាន់លានដុល្លារ ស្របពេលតម្លៃបន្ទះឈីបកំពុងឡើងថ្លៃកប់ពពក។
បើសិនជាការសន្និដ្ឋានខាងលើក្លាយជាការពិត នោះវានឹងក្លាយជាប្រាក់ចំណេញខ្ពស់បំផុត គិតចាប់តាំងពីត្រីមាសទីបី នៃឆ្នាំ២០២២ ហើយវាមានចំនួនច្រើនជាងរហូតដល់ ៩ដង បើធៀបនឹងប្រាក់ចំណេញត្រីមាសទីមួយ កាលពីឆ្នាំមុន។
សូមជម្រាបដែរថា មូលហេតុដែលអាចជំរុញឲ្យក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង ទំនងកើបប្រាក់ចំណេញកប់ក្ដោង ដោយសារតែតាំងពីបើកទំព័រឆ្នាំ២០២៤ តម្រូវការបន្ទះឈីបមានខ្ពស់ខ្លាំង ស្របពេលតម្លៃវិញក៏ឡើងថ្លៃ រហូតដល់ ២០% បណ្ដាលឲ្យក្រុមហ៊ុនរកស៊ីលើវិស័យមួយនេះ កើបលុយបានច្រើនហូរហៀរ៕