យោងតាមទស្សនាវដ្តី Forbes បានរាយការណ៍មកថា ប្រទេសថៃមានមហាសេដ្ឋីចំនួន ២៦នាក់ ជាប់ឈ្មោះក្នុងចំណោមមហាសេដ្ឋីសរុបចំនួន ២ ៧៨១ នាក់នៅទូទាំងពិភពលោក ហើយក្នុងនោះមានតែមហាសេដ្ឋីរបស់ប្រទេសថៃបីរូបប៉ុណ្ណោះ ដែលបានជាប់ឈ្មោះក្នុងបញ្ជីកំពូលមហាសេដ្ឋីមានបំផុតលើពិភពលោកទាំង ២០០នាក់ (Top200) ក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
បើទោះបីជាចំនួនមហាសេដ្ឋីថៃបានធ្លាក់ចុះ បើធៀបទៅនឹងឆ្នាំមុនក៏ដោយ ប៉ុន្តែលោក Dhanin Chearavanont ដែលជាប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនកសិពាណិជ្ជកម្ម លក់ទំនិញរាយ និងទូរគមនាគមន៍ Charoen Pokphand Group នៅតែរក្សាតំណែងរបស់ខ្លួន ជាអ្នកមានបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងទ្រព្យសម្បត្តិសរុប ១២,៥ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី ១៥៩ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើពិភពលោក។
ដោយឡែកមហាសេដ្ឋីពីររូបទៀត គឺមហាសេដ្ឋីគ្រប់គ្រងអាជីវកម្មគ្រឿងស្រវឹង និងអចលនៈទ្រព្យ លោក Charoen Sirivadhanabhakdi ជាប់ក្នុងចំណាត់ថ្នាក់ទី១៧៧ ទូទាំងពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ១១,៣ពាន់លានដុល្លារ និងមហាសេដ្ឋីថាមពល លោក Sarath Ratanavadi ជាប់ចំណាត់ថ្នាក់ទី២០០ ដែលមានទ្រព្យសម្បត្តិសរុប ១០,៧ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមមហាសេដ្ឋីសរុបចំនួន ២ ៧៨១ នាក់ ទ្រព្យសម្បត្តិសរុបរបស់ពួកគេរួមបញ្ចូលគ្នាគឺមានចំនួន ១៤,២ទ្រីលានដុល្លារ កើនឡើង ២ទ្រីលានដុល្លារ ពីឆ្នាំ២០២៣ និង ១,១ទ្រីលានដុល្លារ ពីឆ្នាំ២០២១៕