ក្រុមហ៊ុន Tesla ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនសូវទទួលបានលទ្ធផលវិជ្ជមានឡើយ ពោលតម្លៃភាគហ៊ុនរបស់ពួកគេបានថយចុះប្រហែល ៣០% ស្របពេលការលក់រថយន្តវិញ គឺតិចជាង ៨% បើសិនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមវិនិយោគិនបានស្ដីបន្ទោសមេធំ Tesla លោក Elon Musk ទាំងស្រុង ចំពោះបញ្ហាមួយនេះ។
យោងតាមការចុះផ្សាយពីគេហទំព័រ SAN បានបង្ហាញថា ក្រុមវិនិយោគិនចាប់ផ្ដើមស្ដីបន្ទោសមហាសេដ្ឋី Elon Musk ដោយចោទថា លោកមិនខ្វាយខ្វល់ជាមួយបញ្ហានៅក្រុមហ៊ុន Tesla ទើបបណ្ដាលឲ្យអត្រាលក់មានកំណើនទាប។
ម្ចាស់ភាគហ៊ុនធំៗនៅក្រុមហ៊ុន Tesla អះអាងទៀតថា Elon Musk មិនសូវធ្វើទីផ្សារសម្រាប់ក្រុមហ៊ុនរថយន្តនេះឡើយ តែផ្ទុយទៅវិញបែរជាទៅរវីរវល់ឥតបានការ ជាមួយក្រុមហ៊ុនបណ្ដាញសង្គម X រហូតធ្វើឲ្យអតិថិជនហាក់បាត់បង់ជំនឿចិត្ត និងធ្វើឲ្យអត្រាលក់រថយន្តបានធ្លាក់ចុះជាបន្តបន្ទាប់។
សូមជម្រាបបន្ថែមថា កាលពីឆ្នាំមុន Tesla បានរបូតម្កុដក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី ច្រើនដាច់គេលើលោក ដោយក្រុមហ៊ុន BYD ជាអ្នកដណ្ដើម ស្របពេលបច្ចុប្បន្នម្ចាស់ភាគហ៊ុនធំៗនៅ Tesla កំពុងដាក់គំនាប ឲ្យលោក Elon Musk ផ្ដោតអារម្មណ៍ការងារនៅ Tesla ជាអាទិភាព បើមិនដូច្នោះទេតំណែងជា CEO របស់មហាសេដ្ឋីរូបនេះ អាចនឹងរបូតនាពេលដ៏ខ្លីក៏ថាបាន៕