អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបោះផ្សាយមូលបត្របំណុលដែលមានចំនួន ១៧៥លានដុល្លារ កាលពីដើមសប្តាហ៍នេះ នៅក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីនៅទីក្រុងញូវយ៉ក ដើម្បីចៀសវាងការបង់ផាកពិន័យសរុបជាង ៤៥៤លានដុល្លារ និងរារាំងរដ្ឋាភិបាលពីការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
កាលពីសប្តាហ៍មុន តុលាការឧទ្ធរណ៍ទីក្រុងញូវយ៉ក បានកាត់បន្ថយទឹកប្រាក់ចំនួន ៤៥៤លានដុល្លារដែលតម្រូវឲ្យលោក ត្រាំ ធ្វើការបង់ដំបូង មកនៅត្រឹមចំនួន ១៧៥លានដុល្លារប៉ុណ្ណោះ និងថែមទាំងបានផ្តល់ឲ្យលោករយៈពេល ១០ថ្ងៃដើម្បីទូទាត់ទឹកប្រាក់ក្នុងចំនួននេះ។
គួរឲ្យដឹងផងដែរថា ជុំវិញការបោះផ្សាយមូលបត្របំណុលកាលពីពេលថ្មីៗនេះ មានន័យថានឹងធ្វើឲ្យលោក ត្រាំ ទទួលបានការពន្យារពេលក្នុងការបង់ប្រាក់ផាកពិន័យ និងមិនឲ្យទ្រព្យសម្បត្តិរបស់លោក ត្រូវបានរឹបអូសដោយអាជ្ញាធរទីក្រុងញូវយ៉ក ផងដែរ។
មហាសេដ្ឋីអចលនទ្រព្យអាយុ ៧៧ឆ្នាំរូបនេះ ទទួលរងការផាកពិន័យ បន្ទាប់ពីចៅក្រម លោក Arthur Engoron បានរកឃើញថាលោកត្រាំ និងកូនប្រុសរបស់លោកពីររូបទៀត មានកំហុស ជុំវិញការគ្រប់គ្រងក្រុមហ៊ុនមួយ ដែលបានកុហកអំពីតម្លៃនៃទ្រព្យសកម្ម រួមទាំងការបោកបញ្ឆោតធនាគារ និងអ្នកធានា។
ជម្រាបជូនទៀតផងដែរថា លោក ត្រាំ កំពុងស្ថិតក្នុងការចោទប្រកាន់ពីសំណាក់ព្រះរាជអាជ្ញាសម្រាប់បទឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ រាប់ចាប់តាំងពីការក្លែងបន្លំកំណត់ត្រាអាជីវកម្ម នៅក្នុងសំណុំរឿងលុយកាក់ រហូតដល់ការព្យាយាមផ្តួលរំលំការបោះឆ្នោតក្នុងឆ្នាំ២០២០ ផងដែរ៕