ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល TSMC ទំនងខាតបង់ ៦០លានដុល្លារ ដោយសារគ្រោះរញ្ជួយដីនៅតៃវ៉ាន់

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Taiwan Semiconductor Manufacturing Company (TSMC) បានព្រមានថា ផលប៉ះពាល់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅលើកោះតៃវ៉ាន់ កាលពីថ្ងៃពុធកន្លងទៅ អាចបណ្តាលឲ្យក្រុមហ៊ុនខាតបង់ប្រមាណ ៦០លានដុល្លារ នៅក្នុងប្រាក់ចំណូលសម្រាប់ត្រីមាសទីពីររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការវាយតម្លៃបឋមពីស្ថាប័នស្រាវជ្រាវ Barclays បានបង្ហាញឲ្យដឹងទៀតថា ផលប៉ះពាល់នេះគឺកើតឡើងដោយសារតែការងារត្រូវបានបញ្ឈប់នៅក្នុងក្រុមហ៊ុន TSMC និងមជ្ឈមណ្ឌលផលិតបន្ទះឈីបផ្សេងទៀត ដែលស្ថិតនៅលើកោះនេះ បន្ទាប់ពីមានការរញ្ជួយដីធ្ងន់ធ្ងរដល់កម្រិត ៧,២ ដែលជាទំហំដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ។

TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំរបស់ Apple និង Nvidia បាននិយាយថា ខ្លួនបានជម្លៀសបុគ្គលិកចេញពីរោងចក្រផលិតមួយចំនួន ដើម្បីធានាដល់សុវត្ថិភាព ខណ:ពេលដែលសកម្មភាពផលិតកម្មត្រូវបានផ្អាក។

ជម្រាបជូនផងដែរថា បើតាមអាជ្ញាធរទីក្រុងតៃប៉ិ បាននិយាយថា គ្រោងរញ្ជួយដីដែលបានវាយប្រហារនៅម៉ោងប្រហែល ៨ ព្រឹក ថ្ងៃពុធ បានសម្លាប់មនុស្ស ៩ នាក់ និងជាង ៨០០ នាក់ផ្សេងទៀតរងរបួស ខណ:ក្រុមអ្នកជួយសង្គ្រោះបានទាញយកមនុស្សយ៉ាងហោចណាស់ ៧៧ នាក់ដែលជាប់នៅក្នុងផ្លូវក្រោមដី និងអគារដែលដួលរលំ៕