ក្រុមហ៊ុនរថយន្តកំពូល Tesla កំពុងប្រឈមនឹងការចោទប្រកាន់ថ្មី ទាក់ទងនឹងករណីគាបសង្កត់បុគ្គលិក ដោយកេងប្រវ័ញ្ចប្រាក់ឈ្នួល និងកម្លាំងញើសឈាមរបស់បុគ្គលិកនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អតីតបុគ្គលិកក្រុមហ៊ុន Tesla នៅរោងចក្រក្នុងរដ្ឋកាលីហ្វ័រញ៉ា ចំនួន២រូបបានដាក់ពាក្យបណ្ដឹង ទោកាន់តុលាការសហព័ន្ធ Sacramento ក្នុងគោលបំណងប្ដឹងទារសំណង ៥លានដុល្លារ ពីក្រុមហ៊ុន Tesla ជំនួសមុខឲ្យបុគ្គលិករាប់ពាន់នាក់ទៀត។
អតីតបុគ្គលិកទាំង ២រូបនេះបានអះអាងថា ក្រុមហ៊ុន Tesla បានធ្វើខុសពីច្បាប់ការងារនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមិនបានបើកលុយឲ្យពេលធ្វើការថែមម៉ោង មិនផ្ដល់ជូនអាហារ មិនមានម៉ោងសម្រាកការងារ ហើយថែមទាំងកាត់ប្រាក់ខែ ពេលបុគ្គលិកសុំច្បាប់ឈឺថែមទៀត។
សូមជម្រាបដែរថា ក្រៅពីរឿងក្ដីមួយនេះ ក្រុមហ៊ុន Tesla ក៏កំពុងប្រឈមជាមួយរឿងក្ដីជាច្រើនទៀត ដូចជា ការប្រើប្រាស់អំណាច គាបសង្កត់បុគ្គលិក មានភាពលំអៀងនៅកន្លែងធ្វើការ និងការបញ្ឈប់សហជីពជាដើម៕