ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nividia គ្រោងនឹងធ្វើការសាងសង់មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) ដំបូងបំផុត ដែលមានតម្លៃ ២០០លានដុល្លារ ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅតំបន់អាស៊ីអាគ្នេយ៍។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន CNBC រដ្ឋមន្ត្រីទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌូណេស៊ី លោក Budi Arie Setiadi បានបង្ហើបឲ្យដឹងថា ផែនការក្នុងការសាងសង់មជ្ឈមណ្ឌល AI នេះ នឹងមានទីតាំងនៅក្នុងទីក្រុង Surakarta ក្នុងខេត្ត Central Java ខណ:វាត្រូវបានគេរំពឹងទុកថា នៅពេលសាងសង់រួចរាល់ វានឹងជួយជំរុញដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងស្រុក ក៏ដូចជាបង្កើតធនធានមនុស្ស និងអភិវឌ្ឍទៅលើទេពកោសល្យឌីជីថល ថែមទៀតផង។
គួរឲ្យដឹងផងដែរថា មជ្ឈមណ្ឌល AI ថ្មីនេះគឺជាគម្រោងដំបូងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរួមគ្នាដោយក្រុមហ៊ុន Nvidia និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយយក្សរបស់ឥណ្ឌូនេស៊ី Indosat Ooredoo Hutchiso ។
ជម្រាបជូនទៀតផងដែរថា អាស៊ីអាគ្នេយ៍ បានក្លាយជាទីតាំងផ្តល់ប្រាក់ចំណូលដ៏ធំមួយសម្រាប់ក្រុមហ៊ុន Nvidia ដោយឯកសារគណៈកម្មការមូលបត្រអាមេរិកកាលពីឆ្នាំមុន បានបង្ហាញឲ្យដឹងថាប្រហែល ១៥% ឬ ទឹកប្រាក់ចំនួន ២,៧ពាន់លានដុល្លារ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសចុងក្រោយ គិតត្រឹមខែតុលា គឺបានមកពីប្រទេសសិង្ហបុរី៕