យោងតាមអ្នកនាំពាក្យម្នាក់ បាននិយាយថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អាមេរិក Chevron បានសម្រេចចិត្តចាកចេញពីតំបន់បូមយកឧស្ម័ន Yadana នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយ ពោលគឺរយ:ពេលជាងពីរឆ្នាំ បន្ទាប់ពីផ្ទុះឡើងនៃអំពើហឹង្សា និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែលគ្រប់គ្រងដោយយោធាមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
គួរឲ្យដឹងថា ក្រុមហ៊ុន Chevron បច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនចំនួន ៤១,១% នៅក្នុងតំបន់បូមឧស្ម័ន Yadana ហើយជុំវិញការប្រកាសចាកចេញនេះ មានន័យថាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ នឹងត្រូវចែកចាយភាគហ៊ុនរបស់ខ្លួន ទៅឲ្យម្ចាស់ភាគហ៊ុនសេសសល់ផ្សេងទៀត ដូចជាក្រុមហ៊ុន PTT Exploration and Production របស់ប្រទេសថៃ និងសហគ្រាសរដ្ឋ Myanma Oil and Gas Enterprise (MOGE) កាន់កាប់ជំនួសវិញ។
PTTEP ដែលជាប្រតិបត្តិករក្នុងវិស័យបូមយកឧស្ម័នក្នុងតំបន់នេះ បាននិយាយថាភាគហ៊ុនរបស់ខ្លួននៅទីតាំង Yadana បានកើនឡើងដល់ ៦២,៩៦% ពោលគឺបន្ទាប់ពីការដកភាគហ៊ុនរបស់ Unocal Myanmar Offshore Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងគ្រប់គ្រងទាំងស្រុងដោយ Chevron ។
ជម្រាបជូនផងដែរថាទីតាំងបូមឧស្ម័ន Yadana ដែលស្ថិតនៅឈូងសមុទ្រ Martaban នេះ បានផលិតឧស្ម័នសរុបប្រហែល ៦ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយក្នុងនោះ ៧០% ត្រូវបាននាំចេញទៅប្រទេសថៃ និងប្រហែល ៣០% ផ្សេងទៀត ត្រូវបានផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដោយក្រុមហ៊ុន MOGE ៕