កាលពីថ្ងៃទី៨ ខែមេសា ការិយាល័យស្ថិតិសហព័ន្ធបានលើកឡើងថា នៅក្នុងខែកុម្ភៈការនាំចេញរបស់អាល្លឺម៉ង់បានធ្លាក់ចុះ២% ពីមួយខែទៅមួយខែមកនៅត្រឹម ១៣២,៩ពាន់លានអឺរ៉ូ (១៤៣,៥ ពាន់លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ប្រធានសហព័ន្ធលក់ដុំ ពាណិជ្ជកម្ម និងសេវាកម្មបរទេសរបស់អាល្លឺម៉ង់លោក Dirk Jandura បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើទោះបីជានាពេលបច្ចុបន្នប្រទេសកំពុងមានសញ្ញាណវិជ្ជមានក៏ដោយ តែពាណិជ្ជកម្មបរទេសរបស់អាល្លឺម៉ង់នៅតែស្ថិតនៅក្រោមសម្ពាធដដែល។
លោកបានបន្ថែមថា ការថយចុះសមត្ថភាពប្រកួតប្រជែង ការបង្កើនរបាំងពាណិជ្ជកម្ម ការគាំពារនិយម និងតម្រូវការវិញ្ញាបនប័ត្រក្នុងស្រុក នៅតែបន្តដាក់បន្ទុកដល់អ្នកនាំចេញរបស់ប្រទេសអាល្លឺម៉ង់ និងពាណិជ្ជករបរទេស។
គួរបញ្ជាក់បន្ថែមថា ដោយគិតត្រឹមតែខែកុម្ភៈ អតិថិជនដែលទិញផលិតផលរបស់អាល្លឺម៉ង់ច្រើនជាងគេគឺសហរដ្ឋអាមេរិក ដែលមានចំនួន ១៣,៨ពាន់លានអឺរ៉ូ ស្របពេលប្រទេសចិនវិញគឺជាអ្នកនាំចូលទៅកាន់អាល្លឺម៉ង់ច្រើនជាងគេផងដែរ ពោលមានប្រមាណជាជាង ១២,១ពាន់លានអឺរ៉ូក្រោមការនាំចូលសរុប ១១១,៥ពាន់លានអឺរ៉ូ៕