យោងតាមសេវាគយកូរ៉េបានបង្ហាញថា នៅអំឡុងខែមករា ដល់ខែមីនា ពោលនៅត្រីមាសទីមួយនៃឆ្នាំថ្មីនេះ ការនាំចេញផលិតផលគ្រឿងសម្អាងរបស់កូរ៉េខាងត្បូង ទៅកាន់ទីផ្សារក្រៅប្រទេសបានឈានដល់ចំនួន ២,៣ពាន់លានដុល្លារកើនឡើង២១,៧% បើធៀបនឹងរយៈពេលបីខែដូចគ្នាកាលពីឆ្នាំមុន។
សារព័ត៌មាន The Nations បានចុះផ្សាយទៀតថា ប្រទេសចិននៅតែជាគោលដៅនាំចេញគ្រឿងសម្អាងធំជាងគេរបស់កូរ៉េខាងត្បូង ពោលមានចំនួនរហូតដល់ទៅ ៦១០លានដុល្លារ តាមពីក្រោយដោយសហរដ្ឋអាមេរិកដែលមានចំនួន ៣៨០លានដុល្លារ ស្របពេលប្រទេសជប៉ុនក៏មានចំនួន ២៤០លានដុល្លារ រីឯប្រទេសវៀតណាមវិញក៏មានចំនួនរហូតដល់ទៅ ១៥០លានដុល្លារផងដែរ។
គួរជម្រាបបន្ថែមថា កាលពីក្នុងឆ្នាំ២០២១ ការនាំចេញគ្រឿងសម្អាងរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងរហូតដល់ទៅចំនួន ៩,២២ពាន់លានដុល្លារ ប៉ុន្តែវាបានធ្លាក់ចុះមកនៅត្រឹម ៧,៩៨ពាន់លានដុល្លារ ដោយហេតុថាតម្រូវការពីប្រទេសចិនមានការធ្លាក់ចុះ ខណៈនៅឆ្នាំ២០២៣ ការនាំចេញក៏បានស្ទុះងើបឡើងវិញដល់ចំនួន ៨,៤៩ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ទៀតថា នឹងអាចបន្តនិន្នាការនៃការកើនឡើងនៅឆ្នាំនេះថែមទៀត៕