វៀតណាម បង្ហាញមហិច្ឆតាអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ជាមួយក្រុមហ៊ុនក្នុងស្រុក

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្មីៗនេះ បានស្នើសុំឲ្យក្រុមហ៊ុនទូរគមនាគមន៍លំដាប់កំពូលរបស់ប្រទេស Viettel ធ្វើការអភិវឌ្ឍទៅលើឧស្សាហកម្មបន្ទះឈីប Semiconductor ដោយខ្លួនឯង ក្នុងលក្ខណ:ប្រកបដោយប្រសិទ្ធភាព និង​សម្បូរ​បែបជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអេឡិចត្រូនិក និងបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកជាច្រើនរួមមាន Intel, Samsung, Amkor, Qualcomm និង Marvell កំពុងមានរោងចក្រផលិតរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមរួចទៅហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានបង្ហាញពី​មហិច្ឆតា​ក្នុងបង្កើតរោងចក្រដំបូងបំផុតរបស់ខ្លួន នៅចុងទសវត្សរ៍នេះ។

មិនតែប៉ុណ្ណោះ បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍កាលពីឆ្នាំមុនថា រដ្ឋាភិបាលវៀតណាម អាចនឹងធ្វើការគាំទ្រចំពោះក្រុមហ៊ុនក្នុងស្រុក ដូចជា Viettel ដើម្បីសាងសង់ រោងចក្រដំឡើងបន្ទះឈីបផ្ទាល់ខ្លួន ជាមួយនឹងឧបករណ៍នាំចូល។

ទន្ទឹមនឹងនេះ លោក Chinh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងពេលថ្មីៗនេះថា ៖”សមត្ថភាពផលិតបន្ទះឈីប semiconductor បច្ចុប្បន្នត្រូវបានកំណត់ចំពោះតែតំបន់មួយចំនួនតូចប៉ុណ្ណោះក្នុងពិភពលោក ហើយវៀតណាម នៅតែបន្តប្តេជ្ញា និងអភិវឌ្ឍឧស្សាហកម្ម semiconductor ដោយខ្លួនឯង ហើយក្រុមហ៊ុន Viettel បាននិងកំពុងរួមចំណែកក្នុងចូលរួម ដើម្បីបង្កើតមូលដ្ឋានគ្រឹះក្នុងការកសាងឧស្សាហកម្មបន្ទះឈីបដែលអាចពឹងផ្អែកលើខ្លួនឯង នៅវៀតណាម”។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលវៀតណាម បានអះអាងថាខ្លួននឹងបង្កើនការលើកទឹកចិត្តចំពោះការកាត់បន្ថយពន្ធជាបន្តបន្ទាប់ និងបង្កើតមូលនិធិវិនិយោគនៅឆ្នាំនេះ ដើម្បីជំរុញឧស្សាហកម្មបន្ទះឈីប semiconductor ដែលជាផ្នែកនៃផែនការរបស់ខ្លួន ក្នុងការបង្កើនការគាំទ្រសម្រាប់ឧស្សាហកម្មនេះ៕