យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមានកំណើន GDP ជាមធ្យម៤,៩% នៅឆ្នាំនេះ ដោយសារតែតម្រូវការក្នុងស្រុកមានភាពរឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។
ជាមួយគ្នា អតិផរណារបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣,២% នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតមកដល់ចំនួន៣% នៅឆ្នាំក្រោយ។
ក្នុងនោះ GDP របស់ប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានកំណើន៥,៨% ចំណែកឯនៅឆ្នាំក្រោយក៏នឹងមានកំណើនរហូតដល់ទៅ៦% ស្របពេលប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដ្បិត GDP របស់ប្រទេសនេះអាចនឹងមានការកើនឡើងរហូតដល់ទៅ៧% នៅឆ្នាំ២០២៤ និង៧,២% នៅឆ្នាំក្រោយ។ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចចិនបែរជាត្រូវបានគេរំពឹងថា នឹងមានការថមថយចុះទៅវិញ ពោលពីចំនួន៥,២% កាលពីឆ្នាំមុនមកនៅត្រឹម៤,៨% ប៉ុណ្ណោះនៅឆ្នាំ២០២៤ និងបន្តធ្លាក់ទៀតដល់ចំំនួន៤,៥% នៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៦៦ និងមានសមាជិករហូតដល់ ៦៨ប្រទេស ខណៈធនាគារមួយនេះបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវភាពរីកចម្រើន ភាពធន់ និងរក្សានិរន្តរភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕