ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចុះ Mou ជាមួយក្រុមហ៊ុនចិន តម្លៃប្រហែល ៤៥០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានសម្រេចចុះ Mou ជាមួយក្រុមហ៊ុនចិនចំនួន២ ដែលរកស៊ីនៅលើវិស័យទេសចរណ៍ ដូចជារៀបចំជើងហោះហើរ ដំណើរកម្សាន្តទូទាំងសកលលោក ក្នុងតម្លៃប្រមាណ ៤៥០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល គឺបានចាប់ដៃសហការជាមួយក្រុមហ៊ុន Shanghai Boxi Aviation Technology និងក្រុមហ៊ុន Beijing Cosmos Travel International ក្រោមវត្តមានរបស់ប្រធានសភា លោក Vuong Dinh Hue ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមេសានេះ។

សូមជម្រាបដែរថា ក្រុមហ៊ុនអាកាសចរណ៍គ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនេះ គឺមានប្រតិបត្តិការហោះហើរទៅកាន់ប្រទេសចិនចំនួន ៣៣ជើង ក្នុងមួយសប្ដាហ៍ ខណៈក្នុងសប្ដាហ៍នេះ ពួកគេក៏បានអបអរការហោះហើរចំនួន ១សែនជើង និងដឹកអ្នកដំណើរប្រមាណ ១១លាននាក់ រវាងប្រទេសវៀតណាម និងចិនផងដែរ។

គួសបញ្ជាក់ដែរថា ភ្ញៀវទេសចរណ៍ចិន គឺជាប្រភពចំណូលធំបំផុតមួយក្នុងវិស័យទេសចរណ៍​វៀតណាម ពោលត្រឹមត្រីមាសដំបូងនៃឆ្នាំនេះ វៀតណាមបានកត់ត្រាកំណើនភ្ញៀវទេសចរណ៍​ចិនរហូតដល់ ៨៩០ ០០០នាក់ ដែលបានកើនឡើងរហូតដល់ ៦៣៥% បើធៀបនឹងឆ្នាំមុនៗ៕