គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ដែលជាហេតុធ្វើឲ្យប្រធានាធិបតី លោក Yoon Suk Yeol កំពុងស្ថិតក្នុងជំហរដ៏លំបាកមួយសម្រាប់អាណត្តិដែលនៅសេសសល់របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NPR។
ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យ បានដណ្តើមយកសំឡេងភាគច្រើន ជាមួយនឹងការឈ្នះអាសន:ចំនួន ១៧៥ នៅក្នុងសភាតែមួយដែលមានសមាជិកសរុបចំនួន ៣០០ ស្របពេលគណបក្សប្រជាជនអភិរក្សនិយម (PPP) ដែលកំពុងកាន់អំណាច ដណ្តើមបានត្រឹម ១០៨អាសនៈប៉ុណ្ណោះ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងដល់ ៦៧% ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយ សម្រាប់ការបោះឆ្នោតសភា។
ជុំវិញលទ្ធផលនេះ ហាក់បានបង្ហាញពីភាពអស់ជំនឿរបស់ចំពោះសាធារណៈជនទៅលើប្រធានាធិបតី លោក Yoon និងគណបក្សកាន់អំណាច ជាពិសេសក្នុងប៉ុន្មានខែចុងក្រោយនេះ ចំពេលមានការកើនឡើងតម្លៃស្បៀងអាហារ និងវិបត្តិវេជ្ជសាស្រ្តអូសបន្លាយ។
តម្លៃកសិផលមួយចំនួនក៏បានកើនឡើងជិតពីរដងផងដែរ ក្នុងខែមីនា ស្របពេលតម្លៃទំនិញប្រើប្រាស់ទូទៅបានកើនឡើងជាង ៣% បើធៀបនឹងឆ្នាំមុន ខណ:ពេលដែលក្រុមអ្នករិះគន់ និងគណបក្សប្រឆាំង ក៏បានវាយប្រហារទៅលើលោក Yoon ផងដែរ ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសាររបស់លោក ហើយថែមទាំងបានចោទប្រកាន់ពីបទបំផ្លាញសេរីភាពនៃការបញ្ចេញមតិ ផងដែរ។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Yoon បាននិយាយអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងទទួលយកនូវឆន្ទៈរបស់ប្រជាជន និងធ្វើកំណែទម្រង់រដ្ឋបាលរបស់លោកបន្ថែមទៀត ស្របពេលប្រធានបណ្ដោះអាសន្នរបស់គណបក្ស PPP ដែលកំពុងកាន់អំណាច លោក Han Dong-hoon ក៏បានប្រកាសលាលែងពីតំណែងផងដែរ ដោយទទួលស្គាល់ថា គណបក្សរបស់លោកបរាជ័យក្នុងការយកឈ្នះចិត្តប្រជាជន៕