ឆ្លងកាត់ការកាត់ក្ដីជាច្រើនសប្ដាហ៍ ទីបំផុតតុលាការកំពូលវៀតណាមបានសម្រេចផ្ដន្ទាទោសប្រហារជីវិតមហាសេដ្ឋីស្រី Truong My Lan ក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ១២,៥ពាន់លានដុល្លារ ជាករណីឆបោកធំបំផុតប្រចាំប្រវត្តិសាស្ត្រវៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តអំពើឆបោក កិបកេង និងធ្វើខុសច្បាប់ធនាគារ ខណៈមេធាវីរបស់លោកស្រីមានពេល ១៥ថ្ងៃ សម្រាប់ការតវ៉ាសេចក្ដីសម្រេចរបស់តុលាការ។
គួររំលឹកបន្តិចថា មហាសេដ្ឋីវ័យ ៦៧ឆ្នាំរូបនេះ បានគ្រប់គ្រងធនាគារ Saigon Joint Stock Commercial Bank ដោយលួចលាក់ចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ដោយបានផ្ដល់ប្រាក់កម្ចី ទៅកាន់ក្រុមហ៊ុនខ្មោចរាប់ពាន់លានដុល្លារ ទាំងដែលទឹកប្រាក់ទាំងនោះគឺធ្លាក់ចូលហោប៉ៅលោកស្រីតែម្នាក់គត់។
ជាមួយគ្នា តុលាការកំពូលវៀតណាមបានចេញសេចក្ដីប្រកាសថា ការកាត់ទោសប្រហារជីវិតមហាសេដ្ឋីរូបនេះ គឺសាកសមជាមួយទង្វើដែលលោកស្រីបានធ្វើចំពោះប្រជាពលរដ្ឋវៀតណាម ហើយវាបានធ្វើឲ្យខូចមុខមាត់ប្រទេស ក៏ដូចជាធ្វើឲ្យបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់បក្សកុម្ម៉ុយនីស្តវៀតណាមថែមទៀត៕