ប្រើជីវិតរស់នៅសាមញ្ញៗ ធម្មតាៗ តែស្ថាបនិក Telegram ដេកលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីដើមកំណើតរុស្ស៊ី Pavel Durov គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសាររូបរាងសង្ហារ ហើយទេពកោសល្យក៏មិនធម្មតា ដោយបានបង្កើតកម្មវិធី Telegram ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីបើមានជីវិតជាមហាសេដ្ឋីមែន តែបុរសវ័យ ៣៩ឆ្នាំរូបនេះ មិនសូវបង្ហាញពីឯកជនភាព​របស់លោកឲ្យបានដឹងទូលំទូលាយប៉ុន្មានឡើយ ដោយបច្ចុប្បន្ននេះលោកកំពុងរស់នៅទីក្រុងឌូបៃ ពោលគឺបានចំណាកស្រុកទៅរស់នៅទីនោះ តាំងពីឆ្នាំ២០១៧ បន្ទាប់ពីចាកចេញពីប្រទេសរុស្ស៊ី។

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ មហាសេដ្ឋីវ័យក្មេងមួយរូបនេះ គឺមានទ្រព្យសម្បត្តិប្រមាណ ១៥ពាន់លានដុល្លារ ខណៈវីឡាដែលលោកកំពុងរស់នៅទីក្រុងឌូបៃឯណោះវិញ គឺជួលក្នុងតម្លៃ ១លានដុល្លារក្នុងមួយឆ្នាំ។

សូមជម្រាបដែរថា ប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីម្នាក់នេះ គឺបានមកពីកម្មវិធី Telegram ដែលមានអ្នកប្រើប្រាស់ជាមធ្យម ៧០០លាននាក់ក្នុងមួយខែ ហើយបុរសដែលមានរហស្សនាមថាអ្នកបង្កើតកម្មវិធី Facebook រុស្ស៊ី ក៏មានសញ្ជាតិមួយទៀតគឺ សញ្ជាតិបារាំង ដែលទទួលបានកាលពីឆ្នាំ២០២១៕