កាលពីថ្ងៃទី១១ ខែមេសា ក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនបានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាមេរិកចំនួនពីរ និងបានហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់របស់ពួកគេមិនឲ្យចូលក្នុងប្រទេសចិនតទៅទៀត ដើម្បីជាការឆ្លើយតបទៅនឹងទង្វើដែលក្រុហ៊ុនអាមេរិកហ៊ានលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
សារព័ត៌មាន Reuters បានចុះផ្សាយថា វិធានការដាក់ទណ្ឌកម្មនេះធ្វើឡើងដើម្បីប្រឆាំងទៅនឹងក្រុមហ៊ុន General Atomics Aeronautical Systems ដែលផលិតយន្តហោះគ្មានមនុស្សបើក និងក្រុមហ៊ុនផលិតរថយន្តយោធា General Dynamics Land Systems ។
ក្នុងនោះ ប្រទេសចិនបានលើកឡើងថា ការលក់អាវុធយ៉ាងដូច្នេះគឺជាការលូកដៃចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយជាទង្វើបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ម្យ៉ាងវិញទៀត ការបន្តលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះគោលនយោបាយចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរបស់សហរដ្ឋអាមេរិក និងចិន។
គួរជម្រាបថា កាលពីឆ្នាំមុនប្រទេសចិនក៏ធ្លាប់បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ Northrop Grumman និងក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ម្តងរួចមកហើយដែរ ដោយដ្បិតថាក្រុមហ៊ុនទាំងពីរបានផ្គត់ផ្គង់អាវុធទៅឲ្យកោះតៃវ៉ាន់ដូចគ្នា៕