នៅក្នុងខែមីនា ការលក់រថយន្តទាំងប្រភេទអគ្គិសនី (EV) និងទាំងប្រភេទរថយន្ត Plug-in Hybrid ទូទាំងសកលលោកបានកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែក្នុងនោះការលក់នៅបណ្តាប្រទេសអឺរ៉ុបបែរជាធ្លាក់ចុះដល់ទៅ៩% ទៅវិញ។

សារព័ត៌មាន Reuters បានចុះផ្សាយថា ការលក់រថយន្តអគ្គិសនីនៅទូទាំងសកលលោកបានកើនឡើងដល់ចំនួន ១,២៣លានគ្រឿងនៅក្នុងខែមីនា ខណៈដែលការលក់នៅប្រទេសចិនបានកើនឡើងរហូតដល់ទៅ២៧% និងកើនឡើង១៥% ផងដែរនៅសហរដ្ឋអាមេរិក និងកាណាដា។
ទោះបីជាការលក់រថយន្តនៅខែមីនាមានការកើនឡើងក៏ពិតមែន ប៉ុន្តែនៅរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្រូវការលក់រថយន្តអគ្គិសនីហាក់មានការធ្លាក់ចុះ ដោយហេតុថាអ្នកប្រើប្រាស់កំពុងរង់ចាំម៉ូឌែលណា ដែលមានតម្លៃសមរម្យជាងមុន។
គួរជម្រាបបន្ថែមថា ក្រុមហ៊ុនស្រាវជ្រាវ Rho Motion បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកនឹងកើនឡើងចន្លោះពី២៥% ទៅ៣០% នៅឆ្នាំ២០២៤ ៕