អង្គការ Oxfam បានរាយការណ៍ថា កំពូលមហាសេដ្ឋីមានបំផុតលើលោក ៥រូប មានកំណើនទ្រព្យសម្បត្តិច្រើនជាងឆ្នាំ២០២០ ទ្វេដង ពោលសរុបចំនួនទ្រព្យសម្បត្តិរបស់ពួកគេ គឺមានរហូតដល់ ៨៦៩ពាន់លានដុល្លារ បន្ទាប់ពីសំងំកើបលុយប្រហែល ១៤លានដុល្លារក្នុងមួយម៉ោង រយៈពេល ៤ឆ្នាំមកនេះ។

កំណើនទ្រព្យសម្បត្តិដ៏ច្រើនលើសលុបរបស់មហាសេដ្ឋីដូចជា Elon Musk, Bernard Arnault, Jeff Bezos, Warren Buffet និងលោក Larry Ellison គឺបង្កហានិភ័យដល់វិសមភាពសង្គមជាខ្លាំង ពោលក្នុងរយៈពេល ៤ឆ្នាំនេះ អង្គការ Oxfam ក៏បានបញ្ជាក់ដែរថា ប្រជាជន ៥ពាន់លាននាក់ មានភាពក្រីក្រជាងមុន ប៉ុន្តែមហាសេដ្ឋីនៅតែមានកំណើនទ្រព្យសម្បត្តិហូរហៀរ។
ជាមួយគ្នា អង្គការសប្បុរសធម៌មានមូលដ្ឋានៅទីក្រុងឡុងដ៍ក៏បានអំពាវនាវ ឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋីទាំងនោះ ទាក់ទងនឹងការបង់ពន្ធនានា ខណៈបច្ចុប្បន្នក្នុងចំណោមក្រុមហ៊ុនធំៗបំផុតលើលោកចំនួន ១០ មាន ៧ក្រុមហ៊ុនជាកម្មសិទ្ធរបស់ពួកមហាសេដ្ឋី។
បន្ថែមពីនោះ សារព័ត៌មាន Alijazeera ក៏បានរាយការណ៍ដែរថា បើសិនជាកំណើនទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីនៅតែបន្តបែបនេះ ពិភពលោកនឹងមានបុគ្គលមានទ្រព្យសម្បត្តិលើសពីមួយទ្រីលានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែការលុបបំបាត់ភាពក្រីក្រ ត្រូវចំណាយពេលរហូតដល់ ២២៩ឆ្នាំ ទើបអាចសម្រេចបាន។
ជម្រាបបន្ថែមថា អង្គការ Oxfam ក៏បានដាក់សំណើទៅកាន់រដ្ឋាភិបាលនៃមហាអំណាចធំៗថា គួរតែមានវិធានការទាមទារពន្ធ ចំពោះក្រុមហ៊ុនមហាសេដ្ឋី ក្នុងចំនួនប្រមាណ ១,៨ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីយកថវិកាទាំងនោះមកដោះស្រាយ និងលុបបំបាត់ភាពក្រីក្រលើពិភពលោក៕