ជប៉ុន ទាក់ទាញការវិនិយោគជិត ៣ពាន់លានដុល្លារ ពីក្រុមហ៊ុនយក្សអាមេរិក អំឡុងដំណើរទស្សនកិច្ចលោក Kishida

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទទួលបានការប្តេជ្ញាចិត្តជុំវិញការវិនិយោគទឹកប្រាក់ចំនួន ២​,៩ពាន់លានដុល្លារ នៅក្នុងប្រទេសរបស់ខ្លួន ពីសំណាក់ក្រុមហ៊ុនច្ចេកវិទ្យាខ្នាតយក្ស Microsoft Corp របស់សហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន JapanToday។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក Kishida ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានជួបប្រជុំជាមួយប្រធានក្រុមហ៊ុន Microsoft លោក Brad Smith ដើម្បីបានបង្ហាញពីការវិនិយោគដ៏ធំបំផុតមួយដែលមិនធ្លាប់មាន នៅក្នុងជប៉ុន រួមទាំងផែនការក្នុងការធ្វើប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនសម្រាប់ការប្រើប្រាស់លើប្រព័ន្ធ AI ។

មិនតែប៉ុណ្ណោះ ដោយបានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃដើមសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកក្នុងរយ:ពេល ៩ឆ្នាំចុងក្រោយ លោក Kishida បានប្រាប់ទៅកាន់លោក Smith ថា វាពិតមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនជប៉ុន ក្នុងការធ្វើការជាមួយក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា Microsoft ដោយបង្ហាញក្តីសង្ឃឹមថាក្រុមហ៊ុនរបស់អាមេរិកមួយនេះ នឹងបន្តជួយជំរុញដល់ការអភិវឌ្ឍ AI នៅក្នុងប្រទេសតំបន់អាស៊ី។

បើតាមប្រភពសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវដំបូងរបស់ខ្លួន នៅទីក្រុងតូក្យូ ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើវិស័យ AI និងមនុស្សយន្ត ដោយបន្ថែមទៀតថា ខ្លួននឹងកែលម្អឧបករណ៍នៅក្នុងបណ្តារោងចក្ររបស់ខ្លួនក្នុងប្រទេសនេះ ដើម្បីឈានដល់ទៅការបង្កើតបន្ទះឈីប semiconductor កម្រិតខ្ពស់ថែមទៀតផង៕