យោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានរាយការណ៍មកថា តុលាការរុស្ស៊ី បានប្រកាសច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុន Google ប្រឆាំងនឹងការផាកពិន័យចំនួន ៤,៦ពាន់លានរូបល (៤៩,៤លានដុល្លារ) ទាក់ទងទៅនឹងមាតិកាសង្គ្រាមនៅអ៊ុយក្រែន។
ជុំវិញការផាកពិន័យនេះ ត្រូវបានធ្វើឡើងសម្រាប់ការខកខានរបស់ Google ក្នុងការលុបចោលនូវមាតិកា ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូចាត់ទុកថាជាព័ត៌មានក្លែងក្លាយ ជុំវិញបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះផងដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ក៏ធ្លាប់បានរាយការណ៍ទៀតថា ការផាកពិន័យក៏ត្រូវបានដាក់សម្រាប់ការខកខានរបស់ Google ក្នុងការដកចេញនូវខ្លឹមសារជ្រុលនិយម និងការចែកចាយនូវអ្វីដែលរុស្ស៊ីហៅថាការឃោសនា LGBT ផងដែរ។
ជម្រាបជូនផងដែរថា ការផាកពិន័យដែលត្រូវបានប្រកាសកាលពីចុងខែធ្នូមកនេះ ត្រូវបានគណនាដោយផ្នែកទៅលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ Google នៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុននេះ ត្រូវបានប្រគល់ការផាកពិន័យដោយផ្នែកលើប្រាក់ចំណូលស្រដៀងគ្នាចំនួន ៧,២ពាន់លានរូបល នៅចុងឆ្នាំ២០២១ និង ២១,១ពាន់លានរូបល ក្នុងខែសីហា ឆ្នាំ២០២២ ខណ:បណ្តឹងឧទ្ធរណ៍ជុំវិញករណីទាំងពីរលើកនេះ សុទ្ធសឹងតែត្រូវបានច្រានចោលដូចគ្នា៕