សមាជិកព្រឹទ្ធសភារដ្ឋធំមួយ ទទូចឲ្យលោក ចូ បៃដិន ហាមឃាត់រថយន្ត EV ចិន នៅទីផ្សារអាមេរិក

អន្តរជាតិ

សមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក Sherrod Brown កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសាកន្លងទៅនេះ បានទទូចឲ្យប្រធានាធិបតី លោក ចូ​​ ​បៃដិន ធ្វើការហាមឃាត់រថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន ពីទីផ្សាររថយន្តនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីជាការពារដល់ផលប្រយោជន៍ចំពោះឧស្សាហកម្មរថយន្តរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Brown ដែលជាអ្នកប្រជាធិបតេយ្យដ៏ល្បីឈ្មោះម្នាក់ បានចេញសារអំពាវនាវមួយជូនទៅកាន់លោក បៃដិន ថា ៖”ខ្ញុំសូមស្នើសុំឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងហាមឃាត់ជាអចិន្ត្រៃយ៍ ចំពោះរថយន្ត EV ដែលផលិតដោយក្រុមហ៊ុនចិន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយដែលពួកគេបង្កើតឡើងដើម្បីលាក់បាំងពីប្រភពដើមរបស់ពួកគេ។ ព្រោះថារថយន្តអគ្គិសនីរបស់ចិនគឺជាការគំរាមកំហែង ចំពោះឧស្សាហកម្មរថយន្តរបស់អាមេរិក”។

គួរឲ្យដឹងផងដែរថា ជុំវិញការអត្ថាធិប្បាយរបស់លោក Brown នេះ បានកើតឡើងចំពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងឧស្សាហកម្មរថយន្តរបស់ចិន និងអាមេរិក ស្របពេលសមាជិកសភាផ្សេងទៀត​ ក៏បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​យក​ពន្ធ​ខ្ពស់​ ដើម្បីបង្ខំឲ្យក្រុមហ៊ុនរថយន្តរបស់ចិន ដើរចេញ​ពី​ទីផ្សារសហរដ្ឋ​អាមេរិក ផងដែរ។

ជម្រាបជូនផងដែរថា មន្ត្រីឧស្សាហកម្មរថយន្តអាមេរិក បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីខែកុម្ភៈថាលោក បៃដិន កំពុងពិចារណាដំឡើងពន្ធលើរថយន្ត EV របស់ចិន ហើយលិខិតនេះ អាចជាការដាក់សម្ពាធចុងក្រោយបង្អស់មួយដែលធ្វើឡើងដោយសេតវិមាន ក្នុងការចាត់វិធានការបន្ថែមទៀតដើម្បីការពារការនាំចូលរថយន្តរបស់ប្រទេសចិន មកកាន់ទឹកដីរបស់ខ្លួន៕