ក្រុមហ៊ុន Apple ប្រកាសវិនិយោគបន្ថែមនៅវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់លោក Tim Cook

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន ចង់បង្កើនការវិនិយោគបន្ថែមនៅក្នុងប្រទេសវៀតណាម អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh សម្រាប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក បាននិយាយថា ៖ “​ថ្ងៃនេះ Apple បានប្រកាសថា នឹងបង្កើនការចំណាយបន្ថែមទៀតទៅលើក្រុមហ៊ុនដៃគូផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម រួមជាមួយនឹងវឌ្ឍនភាពថ្មី ក្នុងគំនិតផ្តួចផ្តើមដើម្បីចូលរួមដល់ការអភិវឌ្ឍផ្សេងៗទៀត នៅក្នុងប្រទេសផងដែរ”។

បើតាមសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Apple បានវិនិយោគជិត ១៦ពាន់លានដុល្លាររួចមកហើយ នៅក្នុងប្រទេសវៀតណាមគិតរហូតមកដល់ពេលនេះ ស្របពេលពួកគេគឺជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនធំជាងគេទីបី នៅក្នុងប្រទេស និងមានដៃគូផ្គត់ផ្គង់ជាច្រើន ដែលដំណើរការរោងចក្រជាង ៧០ និងមានបុគ្គលិកសរុបជាង ២៥០ ០០០ នាក់។

ជម្រាបជូនផងដែរថា ក្រៅពី Foxconn ក្រុមហ៊ុន Apple ក៏នៅមានដៃគូផ្គត់ផ្គង់ផ្សេងទៀតរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម រួមមាន GoerTek, Luxshare, Intel, Samsung Electronics និង Compal ផងដែរ៕