ហេតុផលមួយនេះហើយ ទើបបណ្តាលឲ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសម្រាលទោសឃុំខ្លួនក្នុងផ្ទះ

អន្តរជាតិ

អ្នកទោសជាងបីពាន់នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព តែក្នុងនោះអតីតប្រធានាធិបតីលោក វីន មីង និងប្រមុខដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបសឹកភូមាសម្រាលទោសពីការឃុំខ្លួននៅក្នុងពន្ធនាគារ ជំនួសមកវិញដោយការឃុំខ្លួននៅក្នុងផ្ទះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបបយោធាឧត្តមសេនីយ៍ Zaw Min Tun បាននិយាយកាលពីល្ងាចថ្ងៃទី១៧ ខែមេសាថា ចាប់តាំងពីអាកាសធាតុចេះតែឡើងកម្តៅខ្លាំងទៅៗ យើងកំពុងតែធ្វើការដើម្បីការពារអ្នកទោសឲ្យគេចផុតពីជំងឺគ្រុនក្តៅ ដោយមិនមែនតែលោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែសម្រាប់អ្នកទោសរាល់គ្នា ជាពិសេសអ្នកដែលមានវ័យចំណាស់ គឺសុទ្ធសឹងតែត្រូវការការប្រុងប្រយ័ត្នជាចាំបាច់។

យ៉ាងណាទាក់ទងរឿងនេះនៅមិនទាន់ច្បាស់ថា លោកស្រីត្រូវបានគេផ្លាស់ទៅលំនៅឋាន ដែលធ្លាប់ត្រូវបានរបបយោធាមុនឃុំខ្លួនអស់រយៈពេលប្រមាណ ១៥ឆ្នាំ ឬក៏ទៅកាន់លំនៅឋានផ្សេងទៀតនោះទេ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយពីធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលលោកស្រីកាលពីឆ្នាំ២០២១ ខណៈអតីតមេដឹកនាំលទ្ធិប្រជាធិបតិយ្យវ័យ ៧២ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទឧក្រិដ្ឋរាប់ចាប់តាំងពីការក្បត់ជាតិ និងអំពើពុករលួយស៊ីសំណូកសូកប៉ាន់ជាដើម។

ផ្ទុយមកវិញក្រុមអ្នកគាំទ្រ និងក្រុមអ្នកវិភាគឯករាជ្យរបស់លោកស្រី ស៊ូជី បានលើកឡើងស្រដៀងគ្នាថា ការចោទប្រកាន់ទាំងនេះសុទ្ធសឹងតែជារឿងប្រឌិតឡើង ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើដូច្នេះចង់ឲ្យការដណ្តើមអំណាចមើលទៅមានភាពស្របច្បាប់តែប៉ុណ្ណោះ៕