ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung បានដណ្តើមយកតំណែងក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនច្រើនបំផុតលើពិភពលោក ពីក្រុមហ៊ុន Apple បន្ទាប់ពីការលក់របស់ក្រុមហ៊ុនអាមេរិកធ្លាក់ចុះប្រហែល ១០% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
គួរឲ្យដឹងថា ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើង ៧,៨% ដល់ចំនួនសរុប ២៨៩,៤លានគ្រឿង ក្នុងអំឡុងខែមករាដល់ខែមីនា ខណ:ទិន្នន័យទទួលបានពីក្រុមហ៊ុនស្រាវជ្រាវ IDC បានបង្ហាញថាក្រុមហ៊ុន Samsung ដណ្តើមបានចំណែកទីផ្សារដល់ទៅ ២០,៨% ស្របពេលក្រុមហ៊ុន Apple ដណ្តើមបានចំណែកទីផ្សារត្រឹម ១៧,៣%។
ទន្ទឹមនឹងនេ Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលមួយរបស់ប្រទេសចិន បានកាន់កាប់តំណែងទីបី ជាមួយនឹងចំណែកទីផ្សារសរុប ១៤,១% គិតក្នុងត្រីមាសទីមួយ ឆ្នាំនេះ។
ជម្រាបជូនផងដែរថា ការកើនឡើងនៃការលក់របស់ក្រុមហ៊ុន Samsung បានកើតឡើង នៅពេលដែលខ្លួនបានដាក់បង្ហាញត្រកូលស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ខ្លួន គឺស៊េរី Galaxy S24 កាលពីដើមឆ្នាំនេះ ជាមួយនឹងការនាំចេញសរុបជាង ៦០ លានគ្រឿងឯណោះ៕