ក្រុមហ៊ុនបន្ទះឈីប TSMC ប្រកាសកើបប្រាក់ចំណេញជិត ៧ពាន់លានដុល្លារ ត្រឹមត្រីមាសទី១

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់តៃវ៉ាន់ TSMC បានប្រកាសពីការកើនឡើងដល់ទៅ ៩% នៅក្នុងប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដែលមានចំនួន ៦,៩៨ពាន់លានដុល្លារ គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ Apple Inc និង Nvidia ផងនោះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីការកើនឡើងតម្រូវការបន្ទះឈីបរបស់ខ្លួន សម្រាប់យកទៅប្រើប្រាស់ក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ។

បើតាមប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា TSMC បានឃើញប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដោយគិតចាប់ពីខែមករាដល់ខែមីនា កើនឡើងដល់ ២២៥,៥ពាន់លានដុល្លារតៃវ៉ាន់ (៦,៩៨ពាន់លានដុល្លារ) បើធៀបទៅនឹងចំនួន ២០៦,៩ពាន់លានដុល្លារតៃវ៉ាន់ ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

មិនតែប៉ុណ្ណោះ TSMC ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារថ្លៃបំផុតរបស់អាស៊ី បាននិយាយថា ប្រាក់ចំណូលសរុបរបស់ខ្លួនក្នុងត្រីមាសទីមួយ ឆ្នាំនេះ បានកើនឡើង ១៣% ដល់ចំនួន ១៨,៨៧ពាន់លានដុល្លារ៕