ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បាននិយាយថា ខ្លួនកំពុងប្រមូលរថយន្តម៉ូឌែល Prius នៅក្នុងប្រទេសជប៉ុនប្រមាណណ ១៣៥ ៣០៥គ្រឿងត្រឡប់មកវិញ ដ្បិតអីមានបញ្ហាដោយសារទ្វាររថយន្តបានបើកអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
បើពិនិត្យលើឯកសារប្រមូលរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្ត ដែលដាក់ទៅកាន់ក្រសួងដឹកជញ្ជូនជប៉ុនកាលពីថ្ងៃទី១៧ ខែមេសាបានបង្ហាញថា រហូតមកដល់ពេលនេះ ករណីប្តឹងចំនួន៣ ពាក់ព័ន្ធនឹងបញ្ហារថយន្តបើកទ្វារអំឡុងពេលបើកបរ ត្រូវបានគេរាយការណ៍មកថា នៅមិនទាន់មានតួលេខឧបទ្ទវហេតុណាមួយ ត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា រថយន្តដែលមានបញ្ហានោះ គឺជាប្រភេទម៉ូឌែល Prius ដែលផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ និងខែមេសា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនកំពុងចាត់វិធានការផ្អាកការផលិត និងផ្អាកការទទួលបញ្ជាទិញពីអ្នកចែកចាយ រហូតបញ្ហាអាចដោះស្រាយបានរួចរាល់៕