នៅថ្ងៃទី១៩ ខែមេសា នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រុមហ៊ុនបានបញ្ចេញមុខងារបញ្ញាសិប្បនិម្មិតថ្មីមួយមានឈ្មោះថា Meta AI ដែលអាចប្រើប្រាស់បានទាំងនៅលើកម្មវិធី និងវ៉េនតាឆ្លាតវៃរបស់ខ្លួន ដោយឥតគិតថ្លៃ។

លោក Zuckerberg ក៏បាននិយាយថា មុខងារ AI ថ្មីរបស់ក្រុមហ៊ុនគឺជាជំនាន់ចុងក្រោយគេ និងមានបញ្ញាឆ្លាតវៃបំផុត ដោយអាចឆ្លើយតបទៅនឹងសំណួរអ្វីក៏បានដែលយើងចង់សួរ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចស្រមើស្រមៃរូបភាព ឬវីដេអូដែលអ្នកប្រើប្រាស់ត្រូវការតាមរយៈការវាយបញ្ចូលអក្សរបានផងដែរ។
គួរជម្រាបថា មុខងារ AI នេះអាចឲ្យយើងស្វែងរកបានត្រង់ប្រអប់ស្វែងរកនៅផ្នែកខាងលើនៃកម្មវិធី WhatsApp, Instagram, Facebook និង Messenger ហើយលើសពីនោះសម្រាប់អ្នកប្រើប្រាស់នៅលើវេប ក៏អាចចូលប្រើប្រាស់បានតាមរយៈ meta.ai ផងដែរ។ តែយ៉ាងណាមុខងារថ្មីរបស់ Meta ប្រទេសកម្ពុជានៅមិនទាន់អាចប្រើប្រាស់បាននោះឡើយ៕
