ស្ថាបនិកក្រុមហ៊ុន Telegram ទម្លាយមូលហេតុ មិនបង្កើតទីស្នាក់ការកណ្ដាលនៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Telegram បច្ចុប្បន្នគឺមានទីស្នាក់ការកណ្ដាលនៅទីក្រុងឌូបៃ តែកន្លងមកស្ថាបនិកក្រុមហ៊ុនគឺ មហាសេដ្ឋីវ័យក្មេង Pavel Durov ធ្លាប់មានកូនចិត្ត ចង់ទៅបោះទីតាំងនៅសហរដ្ឋអាមេរិក ដែលជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មហាសេដ្ឋីដើមកំណើតរុស្ស៊ីម្នាក់នេះ ក៏សម្រេចចិត្តឈប់ចង់ទៅសហរដ្ឋអាមេរិកវិញ ដោយសារលោកបារម្ភពីបញ្ហាសុវត្ថិភាព ជាពិសេសគឺនៅទីក្រុង San Francisco តែម្ដង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ The San Francisco Standard។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៦ ខែមេសា លោក Durov អះអាងថា មុនសម្រេចចិត្តទៅទីក្រុងឌូបៃ លោកបានដើរលេងសឹងតែគ្រប់ទីក្រុងទូទាំងពិភពលោក ដើម្បីរកកន្លែងធ្វើជាទីស្នាក់ការកណ្ដាល ហើយនៅពេលទៅដល់ទីក្រុង San Francisco លោកក៏មានការពេញចិត្តជាខ្លាំង ដ្បិតវាជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

តែបន្ទាប់ពីបានជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Twitter លោក Jack Dorsey ប្រហែលម៉ោង ៨យប់ លោកនិងបងប្រុសបានដើរតាមដងផ្លូវ ហើយមានមនុស្ស ៣នាក់ ព្យាយាមឆក់ទូរស័ព្ទ​របស់លោក ហើយក៏មានការប្រតាយប្រតប់គ្នា និងមានរបួសបន្តិចបន្តួច តែសំណាងល្អលោក​រត់គេចខ្លួនបាន។

បន្ថែមពីនោះ លោកក៏អះអាងថា ទីភ្នាក់ងារសុវត្ថិភាពអាមេរិកមួយ បានព្យាយាមទិញបុគ្គលិកជាន់ខ្ពស់ម្នាក់របស់លោក ពោលគឺចង់បានកូដកម្មវិធី Telegram ដើម្បីយកទៅគ្រប់គ្រង ដែលធ្វើឲ្យលោករឹតតែមិនទុកចិត្តថែមទៀត ដ្បិតលោកសង្កត់ធ្ងន់ថា Telegram ជាកម្មវិធីជជែកគ្នា ដោយមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ្វីទាំងអស់។

ជាមួយគ្នាលោកក៏បានបញ្ជាក់ទៀតថា ដោយសារច្បាប់វិន័យតឹងរ៉ឹងពេក ទើបលោកសម្រេចចិត្ត​មិនយកទីក្រុង San Francisco ជាទីស្នាក់ការកណ្ដាល ហើយសម្រេចចិត្តទៅទីក្រុងឌូបៃ ដែលជាទីក្រុងអ្នកមាន ហើយក៏ជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចគ្នា៕