សារព័ត៌មាន VN Express បានចុះផ្សាយថា មហាសេដ្ឋីវិនិយោគិនលោក John Paulson ដែលបច្ចុប្បន្នមានវ័យ ៦៨ឆ្នាំបានភ្ជាប់ពាក្យជាមួយមិត្តស្រីឈ្មោះ Alina de Almeida វ័យ ៣៣ឆ្នាំបើទោះបីជាលោកកំពុងជំពាក់វាក់វិន ដោះស្រាយមិនទាន់ដាច់ស្រេច ពាក់ព័ន្ធរឿងលែងលះជាមួយប្រពន្ធក៏ដោយ។

ជាមួយគ្នាគេហទំព័រ Page Six ក៏បានចុះផ្សាយដែរថា ការសម្រេចចិត្តភ្ជាប់ពាក្យយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ និងមិត្តស្រីដែលជាអ្នកជំនាញខាងអាហាររូបត្ថម្ភ មានទំនាក់ទំនងស្នេហានឹងគ្នាបានរយៈពេលពីរឆ្នាំកន្លះ។
កាលពីក្នុងឆ្នាំ២០២១ លោក Paulson បានស្នើសុំប្រពន្ធរបស់ខ្លួនគឺលោកស្រី Jenny Zaharia លែងលះគ្នា ក្រោយរៀបការរួមរស់បានរយៈពេល ២០ឆ្នាំ។ តែយ៉ាងណាអតីតគូស្នេហ៍ដែលមិនបានចុះអេតាស៊ីវិលនៅពេលរៀបការនោះ បច្ចុប្បន្នកំពុងជាប់គាំងក្នុងវិវាទផ្លូវច្បាប់ជុំវិញការបែងចែកទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ។
គួរបញ្ជាក់ថា មហាសេដ្ឋីវិនិយោគិនលោក John Paulson មានទ្រព្យសម្បត្តិប្រមាណ ៣,៥ពាន់លានដុល្លារដោយគិតត្រឹមថ្ងៃទី១៧ ខែមេសា តាមរយៈទិន្នន័យពីទស្សនាវដ្តី Forbes ៕