ក្រុមហ៊ុន Apple បានសម្រេចដកកម្មវិធីបណ្តាញសង្គម WhatsApp និង Threads របស់ក្រុមហ៊ុន Meta Platforms ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការសម្រេចចិត្តនេះ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “រដ្ឋបាល Cyberspace នៃប្រទេសចិន បានបញ្ជាឲ្យយើងដកកម្មវិធីទាំងនេះចេញពី App Store ក្នុងប្រទេសចិន ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ។ យើងមានកាតព្វកិច្ចក្នុងការធ្វើតាមច្បាប់នៅក្នុងប្រទេសដែលយើងធ្វើប្រតិបត្តិការ ទោះបីជាយើងមិនយល់ស្របក៏ដោយ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយថាកម្មវិធីទាំងពីរខាងលើ នៅតែអាចទាញយកបាន នៅលើ Store ដែលប្រតិបត្តិការដោយប្រព័ន្ធផ្សេងទៀត ដូចជា Andriod ជាដើម៕