យោងតាមក្រសួងទេសចរណ៍ និងកីឡាកររបស់ថៃ បានរាយការណ៍មកថា ភ្ញៀវទេសចរបទេសសរុបជាង ១០ លាននាក់ បានមកដល់ប្រទេសថៃ សម្រាប់រយ:ពេលជាងបួនខែដំបូងឆ្នាំនេះ ដោយនាំមកនូវប្រាក់ចំណូលប្រមាណជាង ៥០០ពាន់លានបាត ឬស្មើនឹង ១៣,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមទិន្នន័យពីក្រសួង ប្រទេសថៃ បានស្វាគមន៍ភ្ញៀវបរទេសសរុបចំនួន ១០ ៧២៣ ៩៥៣ នាក់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ដែលបង្កើតប្រាក់ចំណូលដល់រដ្ឋចំនួន ៥១៨ពាន់លានបាត។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមភ្ញៀវបរទេសសរុប ជនជាតិចិន ឈរនៅចំណាត់ថ្នាក់លេខ១ ដោយមានចំនួនជាង ២ លាននាក់ និងបន្ទាប់មកជាជានជាតិម៉ាឡេស៊ី មានចំនួន ១,៣៩ លាននាក់ , រុស្ស៊ី មានចំនួន ៦៩៥ ៦២៤ នាក់ , កូរ៉េខាងត្បូង ៦១៩ ១៨៦ នាក់ និងឥណ្ឌា ៥៤៦ ៩៣៥ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរបរទេសសរុបចំនួន ៧៣៥ ៨០២ នាក់ បានមកលេងប្រទេសថៃ ចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឬជាមធ្យម ១០៥ ១១៥នាក់ ក្នុងមួយថ្ងៃ បើធៀបនឹងសប្តាហ៍មុន ដែលមានចំនួន ៦១៧ ៨០០នាក់ ឬកើនឡើងប្រហែល ១៩%៕