សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី រំពឹងទទួលបានកំណើនជិត ៤% ក្នុងត្រីមាសទី១ ឆ្នាំនេះ

អន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានប៉ាន់ប្រមាណថា នឹងមានកំណើន ៣,៩% គិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែត្រូវបានជំរុញជាពិសេសដោយកំណើននៅក្នុងវិស័យសេវាកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានផ្នែកស្ថិតិរបស់ប្រទេសម៉ាឡេស៊ី លោក Mohd Uzir Mahidin បាននិយាយថា វិស័យសំខាន់ៗទាំងអស់សុទ្ធតែមានការរីកចម្រើនជាវិជ្ជមាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ប៉ុន្តែក្នុងនោះវិស័យសេវាកម្មបាននាំមុខគេ ជាមួយនឹងកំណើនរហូតដល់ទៅ ៤,៤% ឯណោះ។

ទន្ទឹមនឹងនេះ លោក Mohd Uzir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រកន្លងទៅថា ៖”កំណើននេះ ត្រូវបានគាំទ្រជាពិសេសដោយពាណិជ្ជកម្មលក់ដុំ និងរាយ រួមទាំងសេវាកម្មដឹកជញ្ជូន និងការផ្ទុកទំនិញ ផងដែរ” ។

លោក Mohd Uzir បានបន្ថែមទៀតថា សម្រាប់វិស័យផលិតកម្មវិញ ក៏បានស្ទុះងើបឡើងវិញផងដែរ​ជាមួយកំណើន ១,៩% នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ស្របពេលវិស័យកសិកម្ម បានកើនឡើង ១,៣% ដោយសារតែត្រូវបានជំរុញដោយទំនិញសំខាន់ៗដូចជាដូងប្រេង និងបសុសត្វ។

ជម្រាបជូនផងដែរថា សម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤ នេះវិញ រដ្ឋាភិបាល និងធនាគារកណ្តាលម៉ាឡេស៊ី រំពឹងទុកថានឹងមានការកើនឡើងពី ៤% ទៅ ៥% បើធៀបទៅនឹងកំណើន ៣,៧% កាលពីឆ្នាំ២០២៣ កន្លងទៅ៕