គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងឌុយបៃ អាចបណ្តាលឲ្យរងការខូចខាតដែលមានតម្លៃដល់ទៅ ១ពាន់លានដុល្លារ

អន្តរជាតិ

គ្រោះទឹកជំនន់ដ៏ធំបំផុតមួយដែលបានលេបត្របាក់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ អាចនឹងបណ្តាលឲ្យមានការខាតបង់ទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការជួសជុល និងសម្អាតទីក្រុងឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Sun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្លៀងធ្លាក់យ៉ាងគំហុកអស់រយ:ពេលជាច្រើនម៉ោងជាប់គ្នា បានធ្វើឲ្យអាកាសយានដ្ឋានដ៏មមាញឹកមួយត្រូវបង្ខំចិត្តផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ស្របពេលផ្លូវថ្នល់នានាបានជាប់គាំង រួមទាំងផ្ទះសម្បែង និងហាងអាជីវកម្មត្រូវជន់លិចដោយទឹក។

ហើយឥឡូវនេះ បើតាមសារព័ត៌មាន Insurance Insider បានរាយការណ៍ពីការព្យាករទុករបស់ខ្លួនថា ទំហំនៃការខូតខាតដែល​បង្ក​ឡើងដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានអស់រយ:ពេល ៧៥ឆ្នាំកន្លងមកនេះ អាចនឹងមានចំនួនរហូតដល់ទៅ ១ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានសង្កត់ធ្ងន់ទៀតថា តួលេខដ៏ច្រើនបែបនេះ គឺយកទៅគិតលើការខូចខាតផ្នែកពាណិជ្ជកម្ម សម្រាប់អាជីវកម្ម និងការងារជួសជុលទៅលើផ្ទះសម្បែង រថយន្ត និងហាងនានាដែលត្រូវជន់លិចដោយទឹក។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Nahyan បានចេញសេចក្តីប្រកាសជាសាធារណៈ ដោយអំពាវនាវឲ្យអាជ្ញាធរធ្វើការយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបានទៅលើការសិក្សាអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងទីក្រុងឌុយបៃ និងធ្វើការកំណត់ទំហំនៃការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏កម្រនេះ៕