យន្តហោះគ្រឿងទីមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែការរចនារូបប្រាសាទអង្គរវត្ត និងការលាបពណ៌យន្តហោះ យកលំនាំតាមទង់ជាតិប្រទេសកម្ពុជា។
ចុះលោកអ្នកមានដឹងទេថា យន្តហោះមួយគ្រឿងនេះមានតម្លៃប៉ុន្មានដែរ? បើតាមការចុះផ្សាយពីសារព័ត៌មាន Simple Flying បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ គឺជាប្រភេទ Airbus A320s ដែលមានតម្លៃប្រហែល ១០១ លានដុល្លារអាមេរិក ខណៈតម្លៃមួយនេះ នៅមិនទាន់រាប់បញ្ចូលពីការរចនាផ្សេងៗនោះឡើយ។
គួររំលឹកបន្តិចថា សម្រាប់ជំហានដំបូងនេះ ក្រុមហ៊ុន AirAsia នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320s ចំនួន ២គ្រឿង សម្រាប់ការហោះហើរនៅក្នុងប្រទេសកម្ពុជា ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយហោះហើរចំនួន ៤ជើងក្នុងមួយថ្ងៃ ចំណែកឯការហោះហើរក្រៅប្រទេស នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នា ការហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ស្របពេលការចាប់ផ្ដើមហោះហើរជាផ្លូវការ នឹងដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ រីឯការលក់សំបុត្រយន្តហោះវិញ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែមីនាមកម៉្លេះ៕