មហាសេដ្ឋីពិភពលោកដូចជា Warren Buffet និង Mark Zuckerberg តែងតែមិនសូវខ្វាយខ្វល់ពីការរៀបចំខ្លួន និងការអួតអាងសម្ភារៈនិយមអ្វីឡើយ ពោលបិតាវិនិយោគិន Warren Buffet នៅតែបើកឡានកញ្ចាស់របស់ខ្លួន ស្របពេលស្ថាបនិក Facebook ពាក់តែអាវយឺត ខោខូវប៊យ ពេលចូលរួមកម្មវិធីមួយចំនួន។

មូលហេតុដែលក្រុមអ្នកមានលុយចាយមិនអស់ រៀបចំខ្លួនសាមញ្ញៗបែបនេះ គឺអាចនិយាយបានថា មានហេតុផលមួយចំនួន ដែលយើងនឹកស្មានមិនដល់។
យោងតាមការបកស្រាយពីហ្វេសប៊ុកផេក Project Nightfall បានបញ្ជាក់ច្បាស់ៗថា មានហេតុផល ៥ចំណុចធំៗ នៅពីក្រោយការរៀបចំខ្លួនសាមញ្ញៗ របស់ក្រុមមហាសេដ្ឋីទាំងនេះ ដូចជា៖
១/ ធ្វើខ្លួនសាមញ្ញ ដើម្បីងាយស្រួលធ្វើទីផ្សារ

ក្រុមមហាសេដ្ឋីទាំងនេះ សុទ្ធតែជាអ្នកជំនួញមានទេពកោសល្យ ហើយតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សចូលចិត្តទិញផលិតផលណាមួយ ដែលមិនមានភាពសាំញាំ ហើយបើសិនជាម្ចាស់ផលិតខ្លួន ធ្វើខ្លួនធម្មតាៗ នោះអតិថិជនកាន់តែអាម្មណ៍ស្និទ្ធស្នាល ក្នុងការទិញផលិតផលទាំងនោះ។
២/ ដើម្បីធ្វើឲ្យវិនិយោគិនមានទំនុកចិត្តលើពួកគេ

តើអ្នកនៅចាំអតីតមហាសេដ្ឋី Sam Bankman Fried ដែរទេ? គេបច្ចុប្បន្នគឺជាអ្នកទោសឆបោកដ៏ធំបំផុតមួយនៅអាមេរិក ដោយបានប្រើប្រាសមធ្យោបាយមួយនេះ ដើម្បីធ្វើឲ្យវិនិយោគិនទុកចិត្ត រួចហើយក៏លួចលុយវិនិយោគិនរាប់ពាន់លានដុល្លារ។
Sam តែងតែបង្ហាញខ្លួនជាមួយនឹងអាវយឺត ខោខ្លី ហើយតែងតែនិយាយថា គេមិនខ្វល់ខ្វាយពីរឿងតែងខ្លួនឡើយ ដែលធ្វើឲ្យវិនិយោគិនជឿថា Sam ជាមនុស្សដែលងប់ងល់ នឹងការងារ។
៣/ ជាយុទ្ធសាស្ត្រទីផ្សារដ៏ធំ

ចំណុចមួយនេះ គឺស្រដៀងគ្នានឹងមូលហេតុទី២ ដែរ ដោយមនុស្សគ្រប់គ្នា មានទំនោរជឿទុកចិត្ត លើបុគ្គលដែលមិនសូវខ្វាយខ្វល់ ជាមួយសម្ភារៈនិយម និងផ្ដោតលើការងារ តួយ៉ាងបើយើងមើលលោក Warren Buffett គឺដូចជាឃើញជីតាម្នាក់ ដែលមានសំណាងក្នុងការវិនិយោគអញ្ចឹង។
Warren Buffett មិនខ្វល់សូម្បីតែរឿងហូបចុក ពោលគឺលោកឧស្សាហ៍ញាំបឺហ្គឺ ដែលមានតម្លៃធូរថ្លៃ ជាជាងចូលហាងថ្លៃៗខ្លាំងណាស់ សូម្បីតែភរិយារបស់លោកក៏ចាយវាយរិះថាំផងដែរ។
៤/ ធ្វើខ្លួនសាមញ្ញៗ ដើម្បីគេចពីក្រសែភ្នែកមហាជន

ចំណុចមួយនេះ គឺដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ដ្បិតថាការរៀបចំខ្លួនធម្មតាៗ គឺដើម្បីគេចពីក្រសែភ្នែកមហាជន ក៏ដូចជាការលួចប្លន់ផ្សេងៗជាដើម។
៥/ ពួកគេគ្មានអ្វីដែលត្រូវអួតអាងទៀត

ចំណុចមួយនេះ គឺដូចជាពាក្យស្លោកអង់គ្លេសមួយនិយាយថា Money Talk, Wealth Whisper ដែលមានន័យថា អ្នកមានល្មមៗខំប្រឹងសំញែង តែអ្នកមានពិតប្រាកដគ្មានអីត្រូវអួតអាងទៀតទេ។
អ្នកមានដល់កំពូល កាន់តែធ្វើខ្លួនសាមញ្ញៗ ពោលមិនសូវខ្វាយខ្វល់រឿងសម្ភារៈនិយមឡើយ តែយកពេលវេលា ផ្ដោតលើការពង្រឹងក្រុមហ៊ុន ដែលជាប្រភពចំណូលដ៏ធំរបស់ពួកគេទៅវិញ។
តួយ៉ាងមនុស្សមួយចំនួនព្យាយាមប្រើប្រាស់សម្ភារៈនិយម ដើម្បីអួតអាងពីទ្រព្យធន តែការព្យាយាមសំញែងរបស់ទាំងនោះ វាកាន់តែធ្វើឲ្យម្ចាស់ផលិតផល កាន់តែកើនទ្រព្យសម្បត្តិ៕