មហាសេដ្ឋីអាមេរិក Mark Zuckerberg គឺជាបុគ្គលមួយរូប មិនចូលចិត្តតែងខ្លួនឡូយឆាយឡើយ ដ្បិតលោកធ្លាប់និយាយនៅក្នុងបទសម្ភាសន៍មួយថា លោកមិនចង់ចំណាយពេលច្រើន ក្នុងការគិតពីការស្លៀកពាក់ ដូច្នេះសឹងតែគ្រប់កម្មវិធី គឺលោកតែងតែពាក់អាវយឺត ខោខូវប៊យជាញឹកញាប់។
ឃើញពាក់តែអាវយឺតធម្មតាៗអញ្ចឹងមែន តែហ្វេសប៊ុកផេក Project Nightfall បានបង្ហាញថា អាវយឺតពណ៌ប្រផេះ ដែល Mark ឧស្សាហ៍ពាក់នោះគឺ មានតម្លៃប្រហែល ៣០០ដុល្លារ ខណៈតម្លៃមួយនេះគឺគិតតាំងពីឆ្នាំ២០១៨ ម៉្លេះ។
ដូច្នេះហើយបើគិតពីពេលបច្ចុប្បន្នវិញ តម្លៃអាវយឺតរបស់មហាសេដ្ឋីមានបំផុតលើលោកទី០៤ រូបនេះ គឺប្រហែល ៦០០ដុល្លារឯណោះ ដោយសារវាជាផលិតផលរបស់ក្រុមហ៊ុនដ៏ល្បី Brunello Cucinelli ធ្វើឡើងសម្រាប់តែ លោក Mark Zuckerberg ប៉ុណ្ណោះ។
សូមជម្រាបដែរថា ក្រៅពីស្ថាបនិក Facebook ក៏នៅមានមហាសេដ្ឋី និងបុគ្គលល្បីៗផ្សេងទៀត ដូចជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងតារាសម្ដែងស្រីល្បីឈ្មោះ Angelina Jolie ជាដើម សុទ្ធតែជាអតិថិជនកំពូលរបស់ក្រុមហ៊ុន Brunello Cucinelli៕